ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

លីវ តឺហួ ត្រៀមបង្ហាញមុខក្នុងភាពយន្តបែបវិទ្យាសាស្ត្រ

២៥ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

ភាពយន្ត "The Wandering Earth" (ដឺ វេនដឺរីង អឺស) ដែលជាភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រដ៏ល្បីរបស់ចិន នឹងចាក់បញ្ចាំងវគ្គទីពីរ នៅដើមឆ្នាំ២០២៣ខាងមុខនេះ ដោយមានតារាសម្ដែង លីវ តឺហួ ជាតួអង្គថ្មី។


វគ្គថ្មីនៃភាពយន្ត "The Wandering Earth " (ដឺ វេនដឺរីង អឺស) ដែលចេញផ្សាយវគ្គដំបូងកាលពីឆ្នាំ២០១៩ ត្រៀមនឹងចាក់បញ្ចាំងនៅចំថ្ងៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ពោលនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

 

អ្នកដឹកនាំរឿង Guo Fan (ហ្គូ ហ្វាន) បានវិលត្រឡប់មកកាន់តំណែងជាអ្នកដឹកនាំរឿងជាថ្មីម្ដងទៀត ខណៈអ្នកនិពន្ធដែលជាម្ចាស់សៀវភៅរឿង "The Wandering Earth " (ដឺ វេនដឺរីង អឺស) លោក Liu Cixin (លីវ ជីសីន) កាន់តំណែងជាផលិតករជាន់ខ្ពស់។

 

 

គួររំលឹកថា "The Wandering Earth " (ដឺ វេនដឺរីង អឺស) បានផលិតចេញពីសៀវភៅរឿងដែលមានចំណងជើងដូចគ្នា ដោយមានសាច់រឿងកើតឡើងនាពេលអនាគត នៅពេលដែលភពផែនដីរងការគំរាមកំហែងពីព្រះអាទិត្យ។

 

 

ពេលចាក់បញ្ចាំងនៅខែកុម្ភៈ ឆ្នាំ២០១៩ ភាពយន្ត "The Wandering Earth " (ដឺ វេនដឺរីង អឺស) អាចស្វែងរកចំណូលបានជាង ៦៥០លានដុល្លារ ពីរោងភាពយន្តនៅប្រទេសចិន។ 

 

 

ភាពយន្ត "The Wandering Earth " (ដឺ វេនដឺរីង អឺស) នឹងមានការវិលត្រឡប់ពីសំណាក់តួសម្ដែងសំខាន់ៗដូចជាតារាក្បាច់គុន Wu Jing (អ៊ូ ជីង) ហើយក៏នឹងមានការចូលរូមពីកំពូលតារាសម្ដែង លីវ តឺហួ ជាតូអង្គថ្មីផងដែរ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024