ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មហោស្រពភាពយន្តជប៉ុន នឹងទៅដល់ខេត្ត កំពង់ចាម និង បាត់ដំបង នៅខែធ្នូខាងមុខនេះ!

២៤ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

អ្នកខេត្តកំពង់ចាម និងខេត្តបាត់ដំបង ត្រៀមខ្លួនហើយឬនៅ? នៅខែធ្នូ ខាងមុខនេះ មហោស្រពភាពយន្តជប៉ុន នឹងចាក់បញ្ចាំងនៅខេត្តទាំង២នេះ ដើម្បីឱ្យប្រជាជនកម្ពុជាបានទស្សនាភាពយន្តប្រកបដោយគុណតម្លៃ និងមានឱកាសសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន។


បន្ទាប់ពីជោគជ័យលើការចាក់បញ្ចាំងនៅរាជធានីភ្នំពេញ កាលពីដើមឆ្នាំ ពេលនេះ មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២២ លើកទី៧ បានកំពុងធ្វើដំណើរទៅចាក់បញ្ចាំងនៅខេត្តចំនួន ២ នៅខែធ្នូ ខាងមុខនេះ គឺខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង មហោស្រពភាពយន្តនេះនឹងប្រព្រឹត្តទៅនៅរោងភាពយន្តឯកភ្នំ ចាប់ពីថ្ងៃទី ២-៤ ខែធ្នូ ចំណែក ខេត្តកំពង់ចាម នឹងចាប់ផ្ដើមនៅថ្ងៃទី ១៦-១៨ ខែធ្នូ ទីតាំងសាលមហោស្រពព្រះសីហមុនី។

 

ភាពយន្តបែបដ្រាម៉ា កំប្លែង ភ័យរន្ធត់ និងគំនូរជីវចលជប៉ុន ជាច្រើនរឿង នឹងត្រូវចាក់បញ្ចាំងឱ្យមហាជនទស្សនាក្នុងមហោស្រពនេះ។ ក្រៅពីការចាក់បញ្ចាំងភាពយន្តឆ្លុះបញ្ចាំងពីជីវិត និងការរស់នៅរបស់ប្រជាជនជប៉ុនហើយនោះ ក៏នឹងមានការសម្ដែងសៀក ព្រមជាមួយការលេងល្បែងកម្សាន្តផ្សេងៗដើម្បីទទួលបានកាដូអនុស្សាវរីយ៍ជាច្រើនទៀតផងដែរ។ 

 

 

បងប្អូនអ្នករស់នៅខេត្តបាត់ដំបង កំពង់ចាម អាចចូលរួមទស្សនាមហោស្រពភាពយន្តជប៉ុនបានដោយឥតគិតថ្លៃ ៣០នាទីមុនពេលរឿងចាក់បញ្ចាំង។ ដូច្នេះ កុំភ្លេចចូលរួមទស្សនាភាពយន្តជប៉ុនប្រកបដោយគុណតម្លៃឱ្យបានច្រើនកុះករ ដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន។  សម្រាប់ព័ត៌មានលម្អិតពីកាលវិភាគចាក់ផ្សាយរបស់មហោស្រពភាពយន្តជប៉ុនក្នុងខេត្តទាំង២នេះ លោកអ្នកអាចតាមដានទំព័រហ្វេសប៊ុកផ្លូវការ Japanese Film Festival – Cambodia។

 

 

សូមជម្រាបថា ចាប់ពីឆ្នាំ២០១៥មក មហោស្រពភាពយន្តជប៉ុន បានរៀបចំនៅជារៀងរាល់ឆ្នាំក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា និងបាននាំមកនូវភាពយន្តជាច្រើន ប្រកបដោយគុណតម្លៃ សម្រាប់ប្រជាពលរដ្ឋកម្ពុជាបានទស្សនា និងសិក្សាស្វែងយល់ពីវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ ការរស់នៅរបស់ប្រជាជនជប៉ុន ។

 

 

ក្រៅពីការចាក់បញ្ចាំងភាពយន្ត ប្រទេសជប៉ុនក៏បានចូលរួមចំណែកសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញភាពយន្តជូនដល់ផលិតករ និងអ្នកបច្ចេកទេសភាពយន្តកម្ពុជា ជាក់ស្តែង កន្លងមក ក្រោមកិច្ចសហរវាងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ និងនាយកដ្ឋានសិល្បភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការឈូករ័ត្នបានបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរអត្ថបទភាពយន្ត ជំនាញថត ជំនាញកាត់តដំឡើងរូប ព្រមទាំងជំនាញយកសំឡេង ជូនដល់សិក្ខាកាមដែលជាយុវជនកម្ពុជាផងដែរ ។

 

 

សកម្មភាពទាំងអស់នេះ មិនត្រឹមតែជាការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យភាពយន្តរវាងប្រទេសទាំងពីរនោះទេ តែបានឆ្លុះបញ្ចាំងឱ្យឃើញពីសហប្រតិបត្តិការគ្នាលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ និងមនោសញ្ចេតនាស្រលាញ់រាប់អាន និងចេះជួយគ្នាទៅវិញទៅមករវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងផងដែរ៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024