ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សភាសហភាពអ៊ឺរ៉ុបប្រកាសដាក់ប្រទេសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម

២៤ ​វិច្ឆិកា ២០២២ | ព័ត៌មានអន្តរជាតិ

សភាសហភាពអ៊ឺរ៉ុបនៅថ្ងៃពុធ(២៣វិច្ឆិកា) បានចាត់ទុកប្រទេសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម ដោយលើកឡើងថា ការវាយប្រហារពីសំណាក់យោធារដ្ឋាភិបាលទីក្រុង ម៉ូស្គូ មានគោលដៅលើទីតាំងស៊ីវិលជាច្រើនមានដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពល មន្ទីរពេទ្យ សាលារៀន និងទីជម្រកបណ្តោះអាសន្នដែលជាការល្មើសមួយ ទៅនិងច្បាប់អន្តរជាតិ។

 

 

 

 

សមាជិកសភាសហភាពអ៊ឺរ៉ុប បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចមួយដោយបានហៅប្រទេសរុស្ស៊ីថា ជារដ្ឋគាំទ្រភេរវកម្ម។

 

ចំណាត់ការនេះ ស្ថិតក្នុងលក្ខណៈជានិមិត្តរូបភាគច្រើនដោយសារសហភាពអ៊ឺរ៉ុបមិនមានច្បាប់ណាមួយគាំទ្រសេចក្តីសម្រេចនេះឡើយ។ នៅពេលជាមួយគ្នា សហភាពអ៊ឺរ៉ុប បានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនលើប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងករណីរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។

 

រដ្ឋាភិបាលទីក្រុងម៉ូស្គូប្រតិកម្មតបយ៉ាងខ្លាំងសម្បារទៅនឹងសេចក្តីសម្រេចរបស់សភាសហភាពអ៊ឺរ៉ុប។ លោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេស រុស្ស៊ី បានសរសេរលើបណ្តាញទំនាក់ទំនងអ៊ីនស្ត្រាក្រាមយ៉ាងដូច្នេះថា «ខ្ញុំស្នើចាត់តាំងសភាសហភាពអ៊ឺរ៉ុបជាអ្នកគាំទ្រសំដីភ្លើ»។

 

លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែនបានជម្រុញឱ្យសហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតប្រកាសរុស្ស៊ីជារដ្ឋគាំទ្រភេរវកម្ម ដោយចោទប្រកាន់ថា យោធារុស្ស៊ីវាយប្រហារលើគោលដៅពលរដ្ឋស៊ីវិល ប៉ុន្តែការចោទប្រកាន់នេះរដ្ឋាភិបាលទីក្រុងម៉ូស្គូបដិសេធ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024