ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អង្គការ ហាកា ផ្តល់ការគាំទ្រយ៉ាងយកចិត្តទុកដាក់ដល់ជនរងគ្រោះពីបទជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាន

២៤ ​វិច្ឆិកា ២០២២ | ព័ត៌មានជាតិ



អង្គការ ហាកា ផ្តល់សេវាកម្មជូនជនរងគ្រោះពីការជួញដូរមនុស្ស និងការរំលោភបំពាននានា តាមរយៈការគាំទ្រដល់អ្នក ដែលរងគ្រោះ ព្រមទាំងផ្តល់កន្លែងស្នាក់នៅ ការប្រឹក្សាយោបល់ និងបញ្ជូនទៅសាលារៀន ព្រមទាំងការពារពួកគេ រហូតពួកគេ អាចរស់នៅដោយខ្លួនឯងបាន។  


អង្គការហាកា បានប្ដេជ្ញាក្នុងការផ្ដល់សេវាកម្មគាំទ្រ នៃដំណើរជីវិតទាំងមូលជូនដល់អ្នករស់រានមានជីវិតពីការជួញដូរមនុស្ស ទាសភាព និងការរងការរំលោភបំពាន ដែលដំណើរទាំងនេះគឺចាប់ផ្តើមពីអ្នករស់រានមានជីវិតជាបុគ្គលម្នាក់ដែលទទួលរងនូវការប៉ះទង្គិចធ្ងន់ធ្ងរពីការជួញដូរឬការរំលោភបំពាន ចាប់ពីពេលដែលទទួលយកពួកគេទាំងនោះទៅថែទាំ។ អង្គការហាការ ធ្វើការជាមួយពួកគេដើម្បីវាយតម្លៃពីតម្រូវការ ក៏ដូចជាផ្តល់ជូននូវសេវាកម្មដែលមានលក្ខណៈបុគ្គលពេញលេញនិងចាំបាច់បំផុតជូនដល់ជនរងគ្រោះទាំងនោះ។ 

 

ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី «ការផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយជួយដល់អ្នករស់រានមានជីវិត» ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣វិច្ឆិកានេះ លោកស្រី កែវ គៀង នាយិយកាអង្គការ ហាការ លើកឡើងថា អង្គការ ហាការ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៩៤ ក្នុងគោលបំណង ឆ្លើយតបទៅនឹងអំពើរជួញដូរមនុស្ស និងអំពើរហិង្សាក្នុងគ្រួសារ និងសហគមន៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពិសេសស្ត្រី និងកុមារ នៅក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា។ 

 


លោកស្រីបន្ថែមថា សិក្ខាសាលានេះ ធ្វើឡើងបន្ទាប់ពី ជនរងគ្រោះជាង ៤ពាន់នាក់ដែលករណីរបស់ពួកគេត្រូវបានបិទជាង ៥ឆ្នាំកន្លងទៅ ហើយមកដល់ពេលនេះរបាយការណ៍បញ្ជាក់ថា ពួកគេមានភាពរឹងមាំ អាចឈរ ឬរស់នៅដោយខ្លួនឯងបានឡើងវិញ។ ប៉ុន្តែទន្ទឹមនឹងរបាយការណ៍បញ្ជាក់នេះ អង្គការហាការ ក៏បានធ្វើសិក្ខាសាលានេះឡើង ដើម្បីស្វែងយល់បន្ថែមពីអ្វីដែលបានកើតឡើង និងបញ្ហាប្រឈមរបស់ពួកគេក្នុងការរស់រានមានជីវិត។ 

 

 

ជាមួយគ្នានេះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សបានថ្លែងអំណរគុណដល់អង្គការ ក៏ដូចជាដៃគូរាជរដ្ឋាភិបាលទាំងអស់ ដែលបានរួមចំណែក ការពារសុវត្ថិភាពប្រជាពលរដ្ឋពីអំពើរជួញដូរមនុស្ស និងសំណូមពរឱ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីងាយស្រួលក្នុងការវាយតម្លៃពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ។ 

 

 

លើសពីនេះ លោកជំទាវក៏បានបន្ថែមថា កន្លងមក រាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបនឹងការប្រឆាំងអំពើរជួញដូរមនុស្ស ព្រមទាំងបានផ្តល់នូវប្រព័ន្ធគាំពារសង្គម ទាំងក្រុមប្រជាជនក្រីក្រ ស្ត្រីនិងកុមារ ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ជនមានពិការភាពជាដើម។

 

 

គួរឱ្យដឹងដែរថា អង្គការ ហាការ បានផ្តល់សេវាកម្មគ្រប់ជ្រុងជ្រោយជួយដល់អ្នករស់រានមានជីវិតពីបទល្មើសជួញដូរមនុស្ស ទាសភាព និងការរំលោភបំពាននានា ដោយមិនមានកំណត់ពេលវេលា រហូតដល់ពួកគេមានភាពរឹងមាំអាចឈរ ឬរស់ដោយខ្លួនឯងបាន។ សេវារបស់អង្គការរួមមាន ផ្តល់កន្លែងស្នាក់នៅ ផ្តល់ការប្រឹក្សា ថែទាំវេជ្ជសាស្ត្រ ព្យាបាលរបួសផ្លូវចិត្ត និងផ្លូវកាយ គាំទ្រផ្នែកច្បាប់ រកយុត្តិធម៌ជូនជនរងគ្រោះ ផ្តល់ឱកាសឱ្យពួកគេបានរៀនចំណេះជំនាញ និងបញ្ជូនទៅសាលា រហូតបញ្ចប់ការសិក្សា និងអាចរកការងារធ្វើចិញ្ចឹមខ្លួនឯងបាន៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ និន សុខលី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024