ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ផ្សារទំនើបម៉ាក្រូ (Makro) ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយ បានសម្រេចបើកដំណើរការ សាខាទី ៣ហើយ បន្ទាប់ពីបង្ហាញវត្តមាននៅ ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៧។
បើយោងតាមគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់កាលពីដើមខែឧសភា ឲ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគលើ ផ្សារទំនើប Makro ដែលមានទីតាំងវិនិយោគស្ថិតនៅ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២លាន ៧សែនដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង។
ជាការពិតណាស់ ផ្សារទំនើប ម៉ាក្រូ មួយនេះ បានក្លាយជាផ្សារទំនើបដ៏ធំមួយ និងមុនគេបង្អស់នៅក្នុងតំបន់ ដែលនឹងជំរុញសក្តានុពលតំបន់នេះ ឱ្យកើនឡើងមួយកម្រិតទៀត និងអាចទាក់ទាញការវិនិយោគផ្សេងៗ មកកាន់តំបន់ថែមទៀត។
សូមរម្លឹកផងដែរថា ផ្សារទំនើបម៉ាក្រូដំបូងគេបង្អស់នៅកម្ពុជា បើកដំណើរការកាលពីចុងឆ្នាំ ២០១៧ ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង ៥ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសាខាទី ២ អភិវឌ្ឍន៍លើផ្ទៃដីទំហំ ៥ហិកតា ដែលមានទីតាំង នៅផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត