ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រធានសហព័ន្ធលើកទម្ងន់ ជំរុញសិក្ខាកាមដែលបានចូលរៀនវគ្គបណ្តុះបណ្តាល គប្បីត្រូវខិតខំអភិវឌ្ឍសមត្ថភាព ដើម្បីអាចដឹកនាំការប្រកួត នាស៊ីហ្គេម ២០២៣

២៣ ​វិច្ឆិកា ២០២២ | កីឡា

 

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានជំរុញដល់សិក្ខាកាមចំនួន២៥នាក់ ដែលចូលរួមវគ្គសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់អន្តរជាតិ លើកទី១គប្បីត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ឲ្យចេះដឹងជំនាញកីឡានេះពិតប្រាកដ ដើម្បីត្រៀមឆ្ពោះទៅចូលរួមដឹកនាំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។


ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា វគ្គបណ្តុះបណ្តាលលើកទម្ងន់អន្តរជាតិនេះ គឺជាវគ្គដំបូងគេបង្អស់ សម្រាប់កម្ពុជា ដូច្នេះប្អូនៗសិក្ខាកាមជាមន្ត្រីបច្ចេកទេស ត្រូវមានមោទនភាពចំពោះការខិតខំក្រេបជញ្ជក់នូវចំណេះដឹងនេះ។ឯកឧត្តមក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីបច្ចេកទេសទាំងអស់ ត្រូវគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីជោគជ័យក្នុងការរៀនសូត្រ ហើយសម្រាប់ដំណើរជីវិតរបស់មនុស្សម្នាក់ៗ ក៏ត្រូវការការគោរពវិន័យដូចគ្នាផងដែរ ដើម្បីឲ្យជីវិតមានភាពរុងរឿង។ «ការក្រេបជញ្ជក់ចំណេះដឹងលើជំនាញកីឡាលើកទម្ងន់នេះ គឺដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីបច្ចេកទេស ឆ្ពោះទៅគោលដៅចម្បងរបស់យើង គឺការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ»។


ឯកឧត្តមប្រធានសហព័ន្ធ ក៏បានចែករំលែកបន្ថែមទៀតថា «យើងដឹងហើយថា ការងារកីឡាគឺជាការស្ម័គ្រចិត្ត មិនស្វែងរកប្រាក់ចំណេញ ឬផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ប៉ុន្តែ ជាការលះបង់ពេលពេលវេលា កម្លាំងកាយចិត្ត ឆន្ទៈក្នុងការចូលរួមលើកស្ទួយវិស័យកីឡា»។ ឯកឧត្តមប្រធាន បានស្នើឲ្យសមាជិកទាំងអស់ មានស្មារតីរួបរួមគ្នា ក្នុងនាមជាគ្រួសារតែមួយ ដោយមិនគិតពីផលប្រយោជន៍ ហើយគិតតែពីការចែករំលែក និងបន្ថែមនូវស្មារតីស្វែងរកការចូលរួមពីជំនាញវិជ្ជាជីវៈ ដែលមានចំណងទាក់ទងកម្រិតអន្តរជាតិ។ «ការអភិវឌ្ឍកីឡា មិនមែនធ្វើតែម្នាក់ឯងបានទេ។ ដូច្នេះ លើកទម្ងន់ ជាប្រភេទកីឡាអូឡាំពិក ដែលកីឡាលើកទម្ងន់កម្ពុជា ស្ថិតនៅក្នុងគ្រួសារលើកទម្ងន់ដ៏ធំលើឆាកអន្តរជាតិ ដែលមានជាង ១០០ប្រទេស លើពិភពលោក»។ 

 

 

«គោលការណ៍ដំបូងបំផុត គឺត្រូវស្រឡាញ់គ្នាជាមុនសិន។ ប្រសិនបើមិនចេះស្រឡាញ់គ្នា ផ្តល់ស្នាមញញឹមឲ្យគ្នាទៅវិញទៅមកទេ នោះគ្រួសារមួយមិនអាចមានភាពកក់ក្តៅ និងរីកចម្រើនបាននោះឡើយ។ ដូច្នេះ ឯកឧត្តមប្រធានសហព័ន្ធ បានលើកទឹកចិត្តដល់សមាជិកទាំងអស់ រួមកម្លាំងសាមគ្គីភាព ដើម្បីជ្រោងដល់ការអភិវឌ្ឍវិស័យកីឡាលើកទម្ងន់កម្ពុជា ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា»។

 

 

ឯកឧត្តម វ៉ាត់ ចំរើន បានបន្ថែម។បើតាមការបញ្ជាក់ពី លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡាលើកទម្ងន់អន្តរជាតិនេះ ត្រូវបានធ្វើឡើងរយៈពេល ៤ថ្ងៃ ពីថ្ងៃទី២២-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួម ២៥នាក់។ វគ្គនេះ ទទួលបានការគាំទ្រជាថវិកាសរុប ៨,៩៤០ដុល្លារ ក្នុងនោះ ទទួលបានពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) ចំនួន ៥,៥០០ដុល្លារ និងពីគណៈកម្មាធិការជាតិ CAMSOC ចំនួន ៣,៤៤០ដុល្លារ។

 

 

លោកអគ្គលេខាធិការរូបនេះ អះអាងថា គោលបំណងនៃវគ្គនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស ឲ្យបានច្បាស់លាស់ ត្រៀមឆ្ពោះទៅចូលរួមដឹកនាំរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ ដើម្បីបានអនុវត្តជាក់ស្តែង មន្ត្រីបច្ចេកទេសទាំងអស់ នឹងបានសិក្សារៀនសូត្រ និងដកពិសោធដោយផ្ទាល់ ក្នុងការប្រកួតកីឡាលើកទម្ងន់នៃកីឡាជាតិ លើកទី៣ ដែលប្រព្រឹត្តទៅ ពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះផងដែរ។គួរបញ្ជាក់ថា វគ្គនេះធ្វើឡើងក្រោមការចែករំលែកពីគ្រូឧទ្ទេស គឺលោក Yong Joo Liaw (Tom liaw) សមាជិកប្រតិបត្តិសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងជាអនុប្រធានទី១ សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នេយ៍៕

 

 

 

រូបភាព  និងអត្ថបទ៖  សារ៉ាន  ទីងី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024