ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Taylor Swift ឈ្នះពានរង្វាន់ច្រើនលើសលប់សរុប ៦ពានពីកម្មវិធីពានរង្វាន់ AMA

២២ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

កម្មវិធីពានរង្វាន់តន្ត្រីប្រចាំឆ្នាំល្បីបំផុតរបស់អាមេរិកគឺ American Music Awards (អាំមែរីកខេន ម្ញូស៊ីក អឹវ៉ត) ឆ្នាំ២០២២បានរៀបចំកាលពីពេលថ្មីៗនេះ ដោយម្ចាស់ជយលាភីលេចធ្លោជាងគេនៅឆ្នាំនេះគឺតារាចម្រៀង Taylor Swift។


តារាចម្រៀងប៉ុប Taylor Swift (ថេឡឺ ស្វីហ្វ) បានក្រសោបយកពានរង្វាន់ចំនួន៦ពានម្នាក់ឯងពីកម្មវិធីពានរង្វាន់ American Music Awards (អាំមែរីកខេន ម្ញូស៊ីក អឹវ៉ត) ដោយក្នុងនោះមានពានរង្វាន់ធំជាពានសិល្បករប្រចាំឆ្នាំផងដែរ។

 

ពេលឡើងទទួលពានរង្វាន់ ម្ចាស់បទ "Anti-Hero" (អេនធី ហីរ៉ូ) រូបនេះបានអរគុណដល់អ្នកបោះឆ្នោតដែលគាំទ្រខ្លួនបន្ទាប់ពីបានចេញផ្សាយអាល់ប៊ុមចម្រៀងថ្មីចំនួនបួន និងអាល់ប៊ុមថតឡើងវិញចំនួនពីរនៅក្នុងរយៈពេលបីឆ្នាំចុងក្រោយ។

 

ក្រៅពីពានសិល្បករប្រចាំឆ្នាំ Taylor Swift (ថេឡឺ ស្វីហ្វ) បានឈ្នះពានរង្វាន់តារាចម្រៀងប៉ុបផ្នែកនារី ពានតារាចម្រៀងចង្វាក់ Country (ខោនទ្រី) ផ្នែកនារី ពានវីដេអូចម្រៀង ពានអាល់ប៊ុមចម្រៀង Country និងពានអាល់ប៊ុមចម្រៀងប៉ុប។

 

 

ការទទួលបានពានរង្វាន់បន្ថែមចំនួន៦នេះ បានធ្វើឲ្យ Taylor Swift (ថេឡឺ ស្វីហ្វ) ឈ្នះពានរង្វាន់សរុប៤០ ពីកម្មវិធីពានរង្វាន់ American Music Awards និងជាសិល្បករដែលឈ្នះពានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់កម្មវិធី។

 

 

សិល្បករដែលឈ្នះពានរង្វាន់ច្រើនបន្ទាប់ពី Taylor Swift (ថេឡឺ ស្វីហ្វ) រួមមានតារារ៉េប Bad Bunny (ប៊េដ បាន់នី) កំពូលតារាចម្រៀង Beyonce (ប៊ីយន់សេ) និងក្រុមចម្រៀងបុរស BTS (ប៊ីធីអេស) ដែលឈ្នះពានចំនួនម្នាក់ពីរ។

 


ក្រៅពីការប្រកាសពានរង្វាន់ កម្មវិធី American Music Awards 2022 ក៏មានឆាកសម្ដែងពិសេសៗពីតារាល្បីៗដូចជាតារាចម្រៀងជើងចាស់ Stevie Wonder (ស្ទីវ វ៉ន់ឌើ) តារាចម្រៀង Charlie Puth (ឆាលី ភុត) តារាចម្រៀង Pink (ភីង) និងតារារ៉េប Cardi B (ខាឌី ប៊ី) ជាដើម ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024