ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

គុនល្បុក្កតោ ឈ្នះមេដាយមាស១ និងប្រាក់៤ ពីការប្រកួតកីឡាយុទ្ធសិល្បិ៍ក្បាច់គុនពិភពលោក

២២ ​វិច្ឆិកា ២០២២ | កីឡា

 

 

កីឡាការិនីគុនល្បុក្កតោចំនួន៨នាក់ ដណ្តើមបានមេដាយមាស ១គ្រឿង និងមេដាយប្រាក់ ៤គ្រឿង នៅក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក-IMAC (International Martial Arts Contest) លើ៧វិញ្ញាសា នៅសាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

 

 

លោក អួរ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា គូសបញ្ជាក់ថា គណ:កម្មាធិការរៀបចំការប្រកួត បានបែងចែកចំណាត់ថ្នាក់ជា៥ គឺលេខ១ ដល់លេខ៥ ដោយកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ដណ្តើមបានលទ្ធផល ដូចជា៖ ១.កីឡាការិនី ពិធី ច័ន្ទឆវី មេដាយមាស លើវិញ្ញាសាទ្វារមេគុនអាវុធ។

 

 

២.កីឡាករ គីម ទិត្យ សុវឌ្ឈន: មេដាយប្រាក់ ទ្វារមេគុនអាវុធ។ ៣.កីឡាករ អោក រិតធានី និងកីឡាករ យ៉ឹម វុត្ថា មេដាយប្រាក់ ទ្វារមេគុនដៃក្រុម។ ៤.កីឡាករ អ៊ៃ សំអុន និង កីឡាការិនី ស៊ិន សៀវសៀន មេដាយប្រាក់ ទ្វារមេគុនអាវុធក្រុម។ ៥.កីឡាករ អ៊ៃ សំអុន, គីម ទិត្យសុវឌ្ឍនៈ, ពេជ្រ ពន្លឺ, អោក រិតធានី, យ៉ឹម វុត្ថា, ស៊ិន សៀវសៀន, យស សញ្ចនា និង ពុធ ចាន់ឆវី មេដាយប្រាក់ លើវិញ្ញាសាសម្តែងជាក្រុម។ ៦.កីឡាករ ពេជ្រ ពន្លឺ ទទួលបានចំណាត់ថ្នាក់លេខ ៤ ទ្វារមេគុនដៃ។ ៧.កីឡាការិនី យស សញ្ចនា ដណ្តើមបានលេខ៥  លើវិញ្ញាសាទ្វារមេគុនដៃ។

 

 

លោក អួរ តារា លើកឡើងថា នៅឆ្នាំ២០២២នេះ សម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក (World Martial Art Union) បានរៀបចំការប្រកួត International Martial Arts Contest នេះ ដោយមាន ១០ប្រទេស ចូលរួមប្រកួតប្រជែង បន្ទាប់ពីព្រឹត្តិការណ៍ដូចគ្នានេះ បានរៀបចំប្រកួតតាមប្រព័ន្ធអនឡាញ កាលពីឆ្នាំ២០២១។ សម្រាប់ការចូលរួមប្រកួតរបស់ក្រុមគុនល្បុក្កតោកម្ពុជាចំនួន១០រូប (គ្រូបង្វឹក២រូប) ត្រូវបានបញ្ជូនដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

 

 

លោកអគ្គលេខាធិការរងរូបនេះ បានអះអាងយ៉ាងដូច្នេះថា «បើយើងពិនិត្យមើលលើលទ្ធផលជាមេដាយមាស និងមេដាយប្រាក់ចំនួន ៥គ្រឿង ក្នុងព្រឹត្តិការណ៍ក្បាច់គុនពិភពលោកនេះ គឺជាផលវិជ្ជមាននៃភាពរីកចម្រើនលើគុណភាពបច្ចេកទេសបន្ថែមរបស់កីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា»៕

 

 

អត្ថបទ និងរូបភាព៖ ប៉ុន សុភាព

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024