ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

លំអិតការប្រកួតបាល់ទាត់លីគកំពូលកម្ពុជាសប្តាហ៍ទី២៦ រវាង វិសាខា ជាមួយ ភ្នំពេញក្រោន 

២២ ​វិច្ឆិកា ២០២២ | កីឡា


ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា សប្តាហ៍ទី២៦នេះ គឺនឹងអាចរកឃើញក្រុមជើងឯក ប្រសិនបើក្រុមកំពូលតារាងវិសាខា អាចដណ្តើមបាន៣ពិន្ទុ ពីភ្នំពេញក្រោន ។ ហើយសំរាប់ថ្ងៃនេះ យើងនឹងលើកឡើងពីព័ត៌មានលំអិតមុនការប្រកួត រវាងក្រុម ម្ចាស់ផ្ទះ វិសាខា ជាមួយ ភ្នំពេញក្រោន ។សំរាប់ក្រុមម្ចាស់ផ្ទះវិសាខា បច្ចុប្បន្នកំពុងតែឈរនៅកំពូលតារាងមាន៤៩ពិន្ទុ ក្រោយ ២៥ប្រកួតកន្លងមក ឈ្នះ១៥ ស្មើ៤ ចាញ់៦ ។ វិសាខា ប្រសិនបើឈ្នះការប្រកួតទល់នឹងភ្នំពេញក្រោននេះ នោះពួកគេនោះឈ្នះពានរង្វាន់លីគកំពូលកម្ពុជា ជាស្វ័យប្រវត្តិ បើទោះបីការប្រកួត នៅសល់មួយប្រកួតទៀតយ៉ាងណាក្តី ។

 

 

សំរាប់កីឡាករសំខាន់ៗរបស់វិសាខា រួមមាន ខ្សែប្រយុទ្ធប្រេស៊ីល Paulo Victor ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន ១៤គ្រាប់ សារ ទី កីឡាករវ័យក្មេងល្បឿនលឿន ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន៦គ្រាប់ និង កីឡាករ Lee Jae Gun ដែលតែងតែបង្កើតឱកាសដល់ក្រុម ហើយបច្ចុប្បន្នក៏ស៊ុតបញ្ចូលទីបាន៦គ្រាប់ផងដែរ ។ បន្ថែមលើនេះ នៅតំបន់ការពាររបស់វិសាខា មានកីឡាករសំខាន់ៗជាច្រើនទៀងដូចជា អ៊ុក សុវណ្ណ កែន ចាន់ សុភ័ក្ត្រ និង ជារី ចន្ថាប៊ីន ជាដើម ។ វិសាខា នឹងត្រូវអវត្តមានអ្នកចាំទីឆ្នើម កែវ សុខសិលា ដែលទទួលបានកាតក្រហមក្នុងការប្រកួតសប្តាហ៍ទី២៥ជាមួយ បឹងកេត កន្លងទៅ ។

 

 

ដោយឡែកសំរាប់ភ្នំពេញក្រោនវិញ បច្ចុប្បន្នកំពុងតែឈរនៅលេខរៀងទី២នៅក្នុងតារាងពិន្ទុ ក្រោយ២៥ប្រកួតកន្លងមក ពួកគេ ឈ្នះ១៣ ស្មើ៧ ចាញ់៥ មាន៤៦ពិន្ទុ ។ ភ្នំពេញក្រោនក៏ត្រូវការឈ្នះការប្រកួតនេះ ជាចាំបាច់ដូចគ្នា ដើម្បីបន្តក្តីសង្ឃឹមក្នុងការប្រជែងជើងឯកឆ្នាំ២០២២នេះ ។ សំរាប់កីឡាករសំខាន់ៗរបស់ភ្នំពេញក្រោន រួមមាន ខ្សែប្រយុទ្ធអាហ្វហ្កានីស្ថាន Fareed Sadad ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន ១៧គ្រាប់ ខ្សែប្រយុទ្ធកូឡុំប៊ី Andres Nieto ដែលបច្ចុប្បន្នស៊ុតបញ្ចូលទីបាន ១២គ្រាប់ និង ខ្សែប្រយុទ្ធស្លាបវ័យក្មេង លឹម ពិសុទ្ធ ដែលតែងតែបង្កើតឱកាស ហើយក៏ស៊ុតបញ្ចូលទីបាន ៨គ្រាប់ផងដែរ ។

 

 

បន្ថែមលើនេះ តំបន់ការពារសំខាន់ៗរបស់ភ្នំពេញក្រោន មានដូចជា ខ្សែការពារជប៉ុន Takaki Ose ដែលជារនាំងយ៉ាងរឹងមាំដែលមិនអាចខ្វះបាន ខ្សែការពារ យ៉ើ សាហ្វី និង ឈុំ សុខហៃ ជាដើម ។ ក្នុងនោះ ភ្នំពេញក្រោន នឹងត្រូវអវត្តមានកីឡាករសំខាន់ ឈុំ ពិសា ដែលទទួលបានកាតក្រហមក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀង កាលពីការប្រកួតសប្តាហ៍ទី២៥កន្លងទៅ ។ 

 

 

យើងងាកទៅចាប់អារម្មណ៍ការជួបគ្នា៤លើកចុងក្រោយ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២នេះ នាពេលកន្លងមក

កាលពីថ្ងៃទី ២៦ មិនា ២០២២ ភ្នំពេញក្រោន ០-០ វិសាខា
កាលពីថ្ងៃទី ១៦ កក្កដា ២០២២ វិសាខា ៣-១ ភ្នំពេញក្រោន
កាលពីថ្ងៃទី ០១ តុលា ២០២២ វិសាខា ២-២ ភ្នំពេញក្រោន
កាលពីថ្ងៃទី ២៩ តុលា ២០២២ ភ្នំពេញក្រោន ៤-៣ វិសាខា

 

សូមបញ្ជាក់ថា ជំនួបលីគកំពូលកម្ពុជា សប្តាហ៍ទី២៦ រវាង វិសាខា ជាមួយ ភ្នំពេញក្រោន នឹងធ្វើឡើងនៅកីឡដ្ឋាន Prince វេលាម៉ោង ៦និង៣០នាទីល្ងាច នាថ្ងៃទី ២៦ វិច្ឆិកា ចុងសប្តាហ៍នេះ ។ ដោយឡែកការប្រកួតមួយទៀត គឺ បឹងកេត នឹងត្រូវជួប ព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋាន Cambodia Airway វេលាម៉ោង ៣និង៤៥នាទីរសៀល ៕

 

 

អត្ថបទ៖ រ៉េត ស្តាលីន  រូបភាព៖ Cambodia Premier Leageu

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024