ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ម៉ឺន សុភា ថា បេក្ខភាពដណ្ដើមខ្សែក្រវាតមាស អេលីត ចំរើន និង វ៉ាន់ វឿន មានផ្លែមុតស្រួចដូចគ្នា

២៥ មិថុនា ២០២០ | កីឡា

ជើងខ្លាំងគុនខ្មែរជួរមុខ ម៉ឺន សុភា បានលើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា ជំនួបផ្ដាច់ព្រ័ត្រ រវាង អេលីត ចំរើន និង វ៉ាន់ វឿន ប្រជែងខ្សែក្រវាត់មាស និងដណ្ដើមប្រាក់រង្វាន់៤០លានរៀល កម្មវិធី”អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន នឹងកក្រើក ហើយជក់ចិត្ត ដ្បិតបេក្ខភាពទាំងពីររូប សុទ្ធសឹងតែជាកីឡាករលំដាប់កំពូល ក្នុងប្រភេទទម្ងន់៥៧គីឡួក្រាម រួមទាំងមានស្នៀតប្រយុទ្ធមុតស្រួចរៀងៗខ្លួនថែមទៀត។

 


ប្រាប់ភីអិនអិន ក្រោយជាអ្នកឲ្យទឹកជំនួយបច្ចេកទេសដល់ វ៉ាន់ វឿន អាចដណ្ដើមជ័យជម្នះលើ អេ ណារ័ត្ន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០១៧ រូបនេះ រៀបរាប់ថា អេលីត ចំរើន ជាអ្នកប្រយុទ្ធវាយថយ ល្អកែង ជង្គង់ និង ទាត់ ខណៈ វ៉ាន់ វឿន ទោះមានស្នៀត និងបទពិសោធខ្ពស់ តែត្រូវពង្រឹងបន្ថែមឲ្យកាន់តែរឹងមាំ។ 

 


«អេលីត ចំរើន ជាកីឡាករមួយវាយក្បាច់ដែរ។ គេថយ វាយមួយៗ ហើយធ្ងន់ ដោយឡែកយើងវិញ ក៏មានយុទ្ធសាស្ត្រពង្រឹង វ៉ាន់ វឿន បន្ថែមទៀតដែរ។ និយាយឲ្យចំ អេលីត ចំរើន ល្អតែម្ដងមួយចំហៀងហ្នឹង ទាំងទាត់ កែង និងជង្គង់។ តែរបស់យើង ចង់និយាយថា ល្អមួយបែបម្នាក់ ឬមួយផ្លែម្នាក់។ និយាយទៅ ដល់វគ្គផ្ដាច់ព្រ័ត្រ លែងគិតហើយ សម្រាប់ខ្ញុំ គឺដឹងតែវាយយកៗហើយ។ សម្រាប់ខ្ញុំ គ្រាន់តែជួយ វ៉ាន់ វឿន ប្រាប់ពីក្បាច់ដៃគូបុក និងវាយដៃគូក្បាច់ វាយម៉េច ព្រោះខ្ញុំចេះយុទ្ធសាស្ត្រពីគ្រូខ្លះៗដែរ តែមិនចេះទាំងអស់ទេ»។

 


ជើងខ្លាំងដែលធ្លាប់ចេញប្រឡូកសង្វៀនក្រៅស្រុក និងផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសបារាំង រូបនេះ បន្ថែមថា ក្នុងនាមជាអ្នករួមអាជីព ខ្លួនជឿជាក់ខ្ពស់លើ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមពីរសម័យ វ៉ាន់ វឿន នឹងធ្វើបានល្អ តតាំងជើងឯកគ្រងខ្សែក្រវាត់ពីរខ្សែ អេលីត ចំរើន នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាស និងទឹកប្រាក់រង្វាន់ដ៏ច្រើនមួយនេះ នាសប្ដាហ៍ខាងមុខផងដែរ។ 

 


គួរបញ្ជាក់ថា វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមខ្សែក្រវាត់មាស រដូវកាលទីពីរ ប្រភេទ៥៧គីឡូក្រាម អមដោយប្រាក់រង្វាន់៤០លានរៀល ក្នុងកម្មវិធី “អធិរាជគុនខ្មែរ ISI PALM-ISI PIPE” នៅភីអិនអិន  រវាង អេលីត ចំរើន និង វ៉ាន់ វឿន នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០៕

អត្ថបទ និងរូបភាព៖ នូ ពៅ
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024