ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ពានព្រែកតាមាក់ ដោយផ្ទាល់ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថែទាំស្ពានពីអ្នកជំនាញការរបស់ក្រុមហ៊ុនចិន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃពុធនេះ ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឱ្យដឹងបន្ថែមថា ក្នុងការអនុវត្តការងារនេះ គឺក្រសួងបានប្រើប្រាស់នូវឧបករណ៍ចាំបាច់មួយចំនួន ដើម្បីជាជំនួយនៅក្នុងការថែទាំស្ពាន ក៏ដូចជា ស្វែងយល់បន្ថែមសម្រាប់ការត្រួតពិនិត្យ ដែលក្នុងនោះក្រសួងបានប្រើប្រាស់នូវរថ យន្ដត្រួតពិនិត្យ និងថែទាំ ១គ្រឿង ដែលមានតម្លៃប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក។
តាមការឱ្យដឹងបន្ថែម ក្រៅពីពិធីចុះត្រួតពិនិត្យការប្រើប្រាស់គ្រឿងចក្រ និងឧបករណ៍បច្ចេកទេសថែទាំស្ពាននេះ ក្រសួងក៏បានផ្ដល់សម្ភារៈ ត្រួតពិនិត្យគុណភាពក្នុងការសាងសង់ផ្លូវជូនដល់មន្ទីរពិសោធន៍ នៅតាមអង្គភាពមួយចំនួន រួមទាំង មន្ទីរសាធារណការទាំង ២៥រាជធានី-ខេត្ត ផងដែរ។
គួរបញ្ជាក់ជូនថា ស្ពានព្រែកតាមាក់ មានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ សណ្ដូកចេញពីស្រុកមុខកំពូលឆ្លងទៅកាន់ស្រុកខ្សាច់កណ្ដាល ជាប្រភេទស្ពានបេតុង មានប្រវែង ១,០៦៦ ម៉ែត្រ និងទទឹង ១៣.៥០ ម៉ែត្រ។ ស្ពាន និង វិស័យផ្លូវថ្នល់ ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិយ៉ាងសកម្ម ជាពិសេសគាំទ្រដល់វិស័យសាធារណការ និងដឹកជញ្ជូន៕
អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ សែត ប៊ុនថាន់ ( Minister-Sun-Chanthol-Bridge)