ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤
លោក JOLY BAPTISTE គ្រូបង្វឹកកីឡាវាយកូនបាល់ប្រចាំខេត្តកែប របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានអះអាងថា រូបលោកបានត្រៀមកីឡាករ-ការិនីរួចរាល់ហើយ ដើម្បីចេញទៅចូលរួមការប្រកួតនានា ក្រោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ប្រកាសរៀបចំការប្រកួតមួយចំនួនឡើងវិញ ចាប់ពីខែកក្កដាខាងមុខនេះតទៅ បន្ទាប់ពីពន្យារពេលដោយសារវិបត្តិកូវីដ-១៩។
គ្រូវាយកូនបាល់ជនជាតិបារាំងរូបនេះ បានគូសបញ្ជាក់ថា ជំហានដំបូងក្លិបរបស់លោកត្រៀមកីឡាករ-ការិនីពុំច្រើននោះទេ ដ្បិតបច្ចុប្បន្ន គ្រឹះស្ថានសិក្សានៅពុំទាន់ដំណើរការនៅឡើយ ដូច្នេះក្នុងអន្តរកាលនេះ ក្លិបត្រៀមយុវជនវ័យក្មេងតិចតួចប៉ុណ្ណោះ ដើម្បីចូលរួមប្រជែង។
«បាទពិតណាស់! ដោយសារពីមុនកីឡាកររបស់ខ្ញុំ គេមិនទាំងស្គាលថាអ្វីជាកីឡាវាយកូនបាល់ផង តែពេលនេះ គេអាចលេងបានគេចេះវាយ គេចេះប៉ះបាល់ឱ្យគ្នា និងអាចប្រកួតបានទៀត ចឹងពួកយើងបានត្រៀមរួចហើយសម្រាប់ការប្រកួតនានានាពេលខាងមុខនេះ។ នៅពេលដែលខ្ញុំដឹងថាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ផ្តើមបើកឱ្យមានការប្រកួតឡើងវិញ គឹយើងបានត្រៀមខ្លួនតែម្តង ដើម្បីចូលរួមការប្រកួតនេះ។ ដូចអ្នកបានដឹងស្រាប់ថា ពេលនេះបណ្តាសាលារបស់រដ្ឋដែលខ្ញុំតែបង្ហាត់វាយកូនបាល់អត់ទាន់បើកទេចឹងពេលនេះ យើងត្រៀមដែរមួយចំនួនតិចសិន ចាំពេលក្រោយចាំយើងត្រៀមកាន់តែច្រើន»។
គួរបញ្ជាក់ថា ត្រឹមរយៈពេលត្រឹម ៤ឆ្នាំចុងក្រោយនេះ ខេត្តកែបផលិតបានកីឡករ-ការិនីវាយកូនបាល់ បានប្រមាណជាជាង ១០០នាក់ហើយ ក្រោមការបង្វឹក និងបណ្តុះបណ្តាលដោយផ្ទាល់ពីលោក Joly baptiste គ្រូបង្វឹកកីឡាវាយកូនបាល់ របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។ ការបណ្តុះបណ្តាលកីឡាវាយកូនបាល់របស់លោក Joly baptiste ធ្វើឡើងនៅសាលាដុនបូស្កូ ខេត្តកែប៕
អត្ថបទ និងរូបភាព៖ ងិន មករា