ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អស់ពីបទចម្រៀងថ្មី តាក់ម៉ា ត្រៀមបញ្ចេញស្នាដៃភាពយន្តវិញម្តង

០៦ តុលា ២០២២ | កម្សាន្ដ

 

 

ក្រៅពីស្នាដៃចម្រៀងថ្មី ចំណងជើង «កើតអារម្មណ៍ឯកា» ឆាប់ៗនេះ តារាចម្រៀង ណុប មុនីសោម៉ា ហៅ តាក់ម៉ា ក៏ត្រៀមបញ្ចេញស្នាដៃភាពយន្តវិញម្ដង ដោយពេលនេះនាងកំពុងសរសេរ និងរៀបចំឡើងវិញបន្តើរៗ។


បន្ទាប់ពីដកឃ្លាការងារសិល្បៈមួយរយៈដើម្បីមើលថែទាំមុខជំនួញ ពេលនេះ តារាចម្រៀង ណុប មុនីសោម៉ា ហៅ តាក់ម៉ា បានងាកមករកអាជីពសិល្បៈវិញហើយ ដោយកាលពីពេលថ្មីៗនេះនាងបានបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទ ចំណងជើង «កើតអារម្មណ៍ឯកា» ដែលនាងជាអ្នកនិពន្ធទំនុកច្រៀងដោយផ្ទាល់ទៀតផង។

 

 

ថ្មីៗនេះទៀតសោធន៍ នាងបានបង្ហាញមុខច្រៀងក្នុងពិធីសម្ភោធផលិតផលមួយ ដែលនេះជាការចេញច្រៀងកម្មវិធីលើកទី១របស់នាង បន្ទាប់ពីនាងផ្អាកអាជីពសិល្បៈអស់មួយរយៈធំ។តាក់ម៉ា រំភើបនិងរីករាយដែលមានឱកាសបានវិលមកច្រៀងលើឆាកវិញម្តងទៀត បើទោះបីត្រូវលើកយកបទចម្រៀងចាស់ៗមកច្រៀងសិនក៏ដោយ។

 


តាមការបញ្ជាក់ឱ្យដឹងរបស់ម្ចាស់បទ «គេមានសិទ្ធ» ក្រៅអំពីស្នាដៃចម្រៀងបទ «កើតអារម្មណ៍ឯកា» ឆាប់ៗនេះ នាងនិងក្រុមការងារក៏នឹងចាប់ផ្តើមថតរឿងថ្មីវិញផងដែរ ក្រោយផ្អាកការផលិតអស់មួយអន្លើ ព្រោះតែបញ្ហាការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា។ ជាក់ស្តែង ពេលនេះនាងកំពុងសរសេរ និងរៀបចំឡើងវិញបន្តើរៗហើយ ដូច្នេះទស្សនិកជននឹងបានទស្សនារឿងដែលជាស្នាដៃផលិតរបស់នាងឡើងវិញឆាប់ៗនេះ។

 


សម្រាប់សាច់រឿងលម្អិតបែបណា តាក់ម៉ា សុំមិនទាន់បង្ហើបឱ្យដឹងឡើយ គ្រាន់តែថា ទូទៅនាងនិងក្រុមការងារចូលចិត្តផលិតរឿងបែបអប់រំពីជីវិត អាចជាប្រភេទរឿងខ្លី រឿងភាគ ឬជារឿងដុំសម្រាប់ចាក់តាមរោងភាពយន្តក៏មានលទ្ធភាពក្នុងការផលិតដែរ។គួរបញ្ជាក់ថា មុនពេលដកខ្លួនពីអាជីពសិល្បៈទៅប្រកបរបររកស៊ីផ្ទាល់ខ្លួន ណុប មុនីសោម៉ា ហៅ តាក់ម៉ា ជាតារាចម្រៀងលេចធ្លោម្នាក់របស់ផលិតកម្ម M។

 

 

បទចម្រៀងជាច្រើនបទរបស់នាងនៅតែទទួលបានការគាំទ្ររហូតដល់ពេលបច្ចុប្បន្ន។ គេនៅចាំបានថា កាលពីឆ្នាំ២០១៨ នាងបានហក់ចូលវិស័យភាពយន្ត ក្នុងតំណែងផលិតករ និងជាតារាសម្តែង ក្នុងរឿង «ប្រអប់សំបុត្រចោលទុក្ខ» ដែលមានរហូតដល់ជាង១០០ភាគ។ នៅឆ្នាំ២០២០ នាងបានលេចមុខចូលរួមកម្មវិធីប្រឡងចម្រៀងធំមួយ ប៉ុន្តែនាងមិនទទួលបានជោគជ័យនោះ ប៉ុន្តែវត្តមាននាងធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ព្រោះពួកគេនឹកសម្លេង និងចង់ឃើញនាងចេញបទចម្រៀងថ្មីៗឡើងវិញ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024