ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ក្រុមហ៊ុនហ៊្វូជីតស៊ូបើកការិយាល័យពិសេសមួយ ដែលអនុញ្ញាតឲ្យបុគ្គលិកយកឆ្កែទៅកន្លែងធ្វើការ

នៅប្រទេសជប៉ុន ការចិញ្ចឹមសត្វឆ្កែត្រឹមតែ១ក្បាលប៉ុណ្ណោះនៅក្នុងផ្ទះអាចចាត់ទុកជាបន្ទុកមួយដ៏ធ្ងន់គួរសម ព្រោះបើនៅតាមហាងលក់ដូរ កន្លែងញុំាអាហារ និងភោជនីយដ្ឋាន គេមិនសូវទទួលស្វាគមន៍ភ្ញៀវដែលនាំសត្វមកជាមួយទេ។ បើត្រូវយកសត្វដាក់ជាប់នឹងខ្លួន ពេលធ្វើដំណើរទៅណាម្ដងៗ ត្រូវមានបង្វេច ឬវ៉ាលីសម្រាប់ច្រកសត្វទាំងនេះស្ពាយតាមខ្លួន។

 

 

 

 

 

អ្វីៗលែងជាងបញ្ហាទៀតហើយ បន្ទាប់ពីក្រុមហ៊ុនហ៊្វូជីតស៊ូទើបតែបើកដំណើរការការិយាល័យពិសេសនៅទីក្រុងកាវ៉ាសាគីដែលលើកទឹកចិត្តឲ្យបុគ្គលិកនាំយកសត្វមកតាមខ្លួនដើម្បីឲ្យពួកគេមានអារម្មណ៍ចង់ធ្វើការកាន់តែសកម្ម។

 

ក្រុមហ៊ុនទើបតែបើក «ការិយាល័យឆ្កែ» កាលពីខែកក្កដា ដោយដាក់ឲ្យនៅដាច់ដោយឡែកពីកន្លែងធ្វើការដទៃទៀត។ គម្រោងនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បងរហូតដល់ចុងឆ្នាំ២០២២។

 

ការិយាល័យនេះមានកន្លែងធ្វើការខណ្ឌដាច់ៗពីគ្នា។ ១បន្ទប់អាចអង្គុយបានគ្នាបីនាក់ និងមានទីធ្លាធំទូលាយ អាចដាក់ឆ្កែបាន៦ក្បាល។ នៅក្នុងបន្ទប់នីមួយៗមានកម្រាលព្រំ និងមានរបស់របរ ចំណីអាហារសម្រាប់បំពេញតម្រូវការរបស់ឆ្កែ។ បុគ្គលិកផ្នែកទំនាក់ទំនងឈ្មោះយូកា.ហាតាកាគី(Yuka Hatagaki)ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដទៃទៀតដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងថ្មីនេះ។

 

 

 

 

 

ចាប់តាំងពីផ្ទុះជំងឺខូវីដ១៩, ហាតាកាគីពុំសូវបានធ្វើដំណើរទៅណាមកណាទេ គឺបំពេញការងារពីផ្ទះជារៀងរហូត។ ប៉ុន្តែការិយាល័យឆ្កែបានលើកទឹកចិត្តនាងឲ្យចេញក្រៅផ្ទះពីរបីដងក្នុង១ខែ ហើយដាក់កូនឆ្កែ១ក្បាលអាយុ៥ឆ្នាំឈ្មោះណូអែល(Noel)ទៅជាមួយផង។ នៅពេលបំពេញការងារពីចម្ងាយបែបនេះធ្វើឲ្យពិបាកទាក់ទាក់គ្នានៅក្នុងក្របខណ្ឌការងារ។

 

នេះបើយោងតាមសម្ដីរបស់នាងហាតាកាគី។ ដូច្នេះ នាងគិតថានេះជាទីកន្លែងដ៏សមគួរបំផុតសម្រាប់ឲ្យនាងមកកន្លែងធ្វើការ និងប្រាស្រ័យទាក់ទងគ្នាឲ្យបានជាប់លាប់។ នាងអស់ក្ដីបារម្ភដោយសារមានសត្វឆ្កែជាទីស្រឡាញ់នៅក្បែរខ្លួន។

 

 

 

 

 

ស្ត្រីវ័យ៣០ឆ្នាំរូបនេះនិយាយរៀបរាប់ទាំងសេចក្ដីត្រេកអរ។ ស្ត្រីម្នាក់ទៀត ដែលចិញ្ចឹមឆ្កែ១ក្បាលដើម្បីកែអផ្សុកនៅពេលផ្ទុះជំងឺខូវីដ១៩ ប្រាប់ថាការិយាល័យឆ្កែមិនត្រឹមតែជួយមនុស្សទេ  ថែមទាំងជួយឆ្កែផងដែរ។

 

ឆ្កែដែលត្រូវម្ចាស់វាយកមកកន្លែងធ្វើការ អាចមានឱកាសជួបឆ្កែដទៃទៀតដែលម្ចាស់វាយកមកកន្លែងធ្វើការដែរ។ វាបង្កើតបានជាបរិយាកាសសប្បាយជាមួយឆ្កែគ្នាវា។ ស្ត្រីរូបនេះនិយាយរៀបរាប់បណ្ដើរ, ឆ្លៀតបីឆ្កែឈ្មោះតូរ៉ាម៉ារុនៅក្នុងដៃ(Toramaru)បណ្ដើរ៕

 

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024