ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កសិករនៅប្រទេសអ៊ីតាលីខាងជើងងាកមកប្រើប្រាស់ល្អាងភ្នំសម្រាប់រក្សាទុកផ្លែប៉មជំនួសទូទឹកកក

កសិករដាំដំណាំប៉មនៅប្រទេសអ៊ីតាលីខាងជើងចាប់ផ្ដើមងាកមកប្រើប្រាស់របស់សម្រាប់រក្សាគុណភាពផ្លែឈើរបស់ខ្លួនតាមបែបធម្មជាតិ ឬហៅថា «ទូទឹកកកធម្មជាតិ»។ ពួកគេកែច្នៃរូងភ្នំ ឬល្អាងភ្នំដែលជីកនៅតាមចង្កេះភ្នំដើម្បីស្តុកទុកផ្លែឈើ ព្រោះនៅទីនោះសីតុណ្ហភាពមិនសូវប្រែប្រួលត្រជាក់ ក្ដៅប៉ុន្មានទេនៅគ្រប់រដូវកាល។

 

 

 

 

ល្អាងភ្នំនេះស្ថិតនៅពីក្រោមដីចម្ការផ្លែឈើរបស់កសិករ៣រយម៉ែត្រ ទីតាំងនៅក្នុងទីក្រុង១នៃតំបន់ត្រឹនទីណូ(Trentino)។ សហគមន៍កសិករមេលីនដា(Melinda)បានកែច្នៃបង្កើតទូទឹកកកធម្មជាតិ៣៤កន្លែងនៅក្នុងល្អាងភ្នំដ៏ធំទូលាយ។

 

នៅទីនេះ ពួកគាត់អាចទុកដាក់ផ្លែឈើចន្លោះពី១២-១៣%នៃកសិផលសរុប។ ដូចនេះ ឃើញថាអាចកាត់បន្ថយថ្លៃចំណាយលើភ្លើងអគ្គិសនីសម្រាប់ដំណើរការទូដាក់ផ្លែឈើបាន១ផ្នែកដែរ។

 

បើគេក្រឡេកមើលទិដ្ឋភាពនៅខាងក្នុងល្អាងភ្នំសម្រាប់ទុកដាក់ផ្លែឈើ, គេឃើញថាផ្លែប៉មត្រូវគេវេចខ្ចប់នៅក្នុងប្រអប់ផ្លាស្ទិច ហើយលើកទុកដាក់ដោយបុគ្គលិកដែលពាក់មួកសុវត្ថិភាពបើកកូនឡានតូចៗដើម្បីផ្លាស់ទីផ្លែឈើ។

 

អ្នកគ្រប់គ្រងទីនេះប្រាប់ថាដោយសារកត្តាអាកាសធាតុអំណោយផល, វាអាចផ្ដល់ជាគុណប្រយោជន៍សម្រាប់ពួកយើង។ គាត់ប្រាប់ថាកត្តាសំខាន់គឺការកាត់បន្ថយថ្លៃចំណាយលើភ្លើងអគ្គិសនីដែលប្រើប្រាស់សម្រាប់ថែរក្សាគុណភាពផ្លែឈើ។

 

 

 

 

 

 

យើងអាចនិយាយបានថាវាជួយកាត់បន្ថយថ្លៃចំណាយបាន៣២%។ នាពេលបច្ចុប្បន្ន, រូងភ្នំនេះអាចស្តុកទុកផ្លែប៉មបាន៣ម៉ឺនតោន។ ទៅថ្ងៃមុខ គេចង់ពង្រីករូងភ្នំឲ្យកាន់តែធំទូលាយដើម្បីដាក់ផ្លែប៉មឲ្យបាន៤ម៉ឺនតោន។

 

គាត់រៀបរាប់ពីការកែច្នៃរូងភ្នំទៅជាទូទឹកកកធម្មជាតិ។ មុនដំបូង, គេត្រូវរៀបរូងភ្នំដោយទ្រាប់សារធាតុអ៊ីសូឡង់ដែលមិនចម្លងកម្ដៅ និងបន្ទះលោហធាតុដទៃទៀតដែលអាចធ្វើឲ្យសីតុណ្ហភាពត្រជាក់គ្រប់ពេលវេលា។

 

នៅខាងក្រោមរូង គេប្រើប្រាស់ស្រទាប់សិលាជាច្រើនផ្ទាំងដើម្បីធ្វើឲ្យសីតុណ្ហភាពត្រជាក់គ្រប់ពេលវេលាទៅតាមក្រិត្យក្រមធម្មជាតិ។ មុននឹងអាចបម្លែងរូងភ្នំទៅជាទូទឹកកក, គេត្រូវបាញ់ហ្គាសចូលទៅផ្នែកខាងក្រោមជម្រៅពី៥ទៅ៧ម៉ែត្រ។

 

 

 

ក្រោយមក, ថ្មនៅក្នុងរូងភ្នំនឹងធ្វើឲ្យសីតុណ្ហភាពចុះមកនៅត្រឹមតែ១អង្សាជានិច្ច។ នៅពេលជិតដាច់ខែប្រាំងក៏ជាពេលដែលត្រូវប្រមូលផលផងដែរ។ កសិករត្រូវប្រញាប់បេះផ្លែប៉មឲ្យអស់ពីចម្ការនៅក្នុងរង្វង់៣០-៤០ថ្ងៃ។

 

ពាក់ព័ន្ធនឹងការកែច្នៃរូងភ្នំជាទូទឹកកកធម្មជាតិ, មុនដំបូងកសិករខ្លះមិនទាន់មានទំនុកចិត្តទេ។ ប៉ុន្តែនៅពេលលទ្ធផលជាក់ស្ដែងបង្ហាញថាវាអាចប្រើការបាន, ពួកគេក៏ជឿទុកចិត្តទាំងស្រុង។ ទី១ វាអាចកាត់បន្ថយថ្លៃចំណាយលើភ្លើងអគ្គិសនី និង១ទៀត រូងភ្នំនេះអាចប្រើប្រាស់ដោយនិរន្តរភាព៕

 

 

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024