ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២

មន្ត្រីអប់រំ៖ ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគតប្រទេសជាតិ

០៦ តុលា ២០២២ | ព័ត៌មានជាតិ

 

ថ្ងៃទី៥តុលាន គឺជាទិវាគ្រូបង្រៀន។ ក្រៅតែពីការថ្លែងអំណរគុណ និងកោតសរសើរចំពោះគុណបំណាច់ និងការលះបង់ ក៏ដូចជាតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់លោកគ្រូអ្នកគ្រូ រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកឡើងផងដែរថា ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគ ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ។ការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត គឺជាការវិនិយោគលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងគឺជាការវិនិយោគលើសន្តិសុខរបស់ប្រទេសជាតិ ។

 

 

តាំងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រ និងដឹងគុណចំពោះការបូជាកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងស្មារតី របស់គ្រូបង្រៀនគ្រប់រូប និងគ្រប់ជំនាន់ នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានពុះពារបង្ហាត់បង្រៀនកូនខ្មែរគ្រប់រូប ឱ្យទទួលបាននូវចំណេះដឹង ចំណេះធ្វើ និងជាពលរដ្ឋល្អ ជាពលរដ្ឋសកលល្អ ព្រមទាំងជាធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃ ។

 

 

នេះគឺជាប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ក្រោមប្រធានបទ គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង ។

 


ដោយឡែកនៅអំឡុងពេលដែលកម្ពុជា កំពុងរងការញាំញីដោយជំងឺកូវីដ-១៩ ដែលទើបតែកន្លងទៅថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រៅតែពីការភ័យព្រួយ និងប្រុងប្រយ័ត្នចំពោះខ្លួនឯងពីជំងឺដ៏កាចសហាវនោះទៅ កិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូប អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បានផ្តល់សេវាអប់រំ ដល់សិស្សានុសិស្ស និងនិស្សិត តាមគ្រប់រូបភាព ។ យើងប្រារព្ធទិវាគ្រូបង្រៀននៅថ្ងៃនេះ គឺជាការបង្ហាញនូវការអរគុណ និងដឹងគុណដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូអ្នកគ្រូ ។

 


ទោះយ៉ាងណា ក្រសួងអប់រំ យុវជន និងកីឡា នៅតែមើលឃើញថា ការសិក្សារបស់សិស្សានុសិស្ស នៅមិនទាន់គ្រប់គ្រាន់នៅឡើយ ពោលគឺមិនទាន់ឆ្លើយតបទៅនឹងតម្រូវការបដិវត្តន៍ឧស្សាហកម្ម៤.០ នាសតវត្សរ៍ទី២១ នេះនៅឡើយទេ ហេតុនេះក្រសួងអប់រំ បានដាក់ចេញនូកំណែទម្រង់អាទិភាពចំនួន៨ ចំណុច ដែលក្នុងនោះក៏រួមទាំងបង្កើនពង្រឹងការសិក្សាវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា វិជ្ជាជីវៈ ជំនាញផ្នែករឹង និងផ្នែកទន់ និងពង្រឹងសមត្ថភាពស្ថាប័នជាដើម ។

 

 

ដែលការធ្វើកំណែទម្រង់ទាំងនេះ មិនមែនគ្រាន់តែសំដៅលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ ដើម្បី លើកកម្ពស់គុណតម្លៃ សេចក្តីថ្លៃថ្នូរ និងការគោរពចំពោះលោកគ្រូអ្នកគ្រូផងដែរ ហើយថាលក្ខន្តិកៈការងារ និងជីវភាពរស់នៅរបស់គ្រូបង្រៀន ក៏ត្រូវបានយកចិត្តទុកដាក់ និងធ្វើឱ្យប្រសើរឡើងជាលំដាប់ផងដែរ ។ នេះគឺជាប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន នៅក្នុងពិធីដដែលនេះ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.