ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ចូលសមុទ្រនៅថ្ងៃព្រហស្បតិ៍(៦តុលា)

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបលីស្ទីករយៈចម្ងាយខ្លីចំនួន២គ្រាប់ចូលសមុទ្រ នៅថ្ងៃព្រហស្បតិ៍(៦តុលា)នេះ ក្នុងទិសដៅទៅប្រទេសជប៉ុន។ ការបាញ់ មីស៊ីលធ្វើឡើង ក្រោយនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកវិលត្រលប់ចូលមកតំបន់ឧបទ្វីបកូរ៉េវិញ រួមនិងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទៅលើការបាញ់មីស៊ីលនាពេលថ្មីៗរ បស់ប្រទេសកូរ៉េខាងជើង។

 

 

 

 

 

ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ជាការបាញ់មីស៊ីលលើកទី៦នៅក្នុងរយៈពេល១២ថ្ងៃ ហើយក៏ជាការបាញ់មីស៊ីលលើកទី១ ចាប់តាំងពីកូរ៉េខាងជើងបាញ់មីស៊ីលរំលងទ្វីប(IRBM) រំលងលើប្រទេសជប៉ុននៅថ្ងៃអង្គារកន្លងទៅដែលបានរុញច្រានឱ្យមានសមយុទ្ធបាញ់មីស៊ីលរវាងប្រទេស កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក។

 

លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់អ្នកសារព័ត៌មានដូច្នេះថា «នេះជាការបាញ់មីស៊ីលលើកទី៦របស់ប្រទេសកូរ៉េខាងជើងក្នុងអំឡុង ពេលខ្លី រាប់ពីការបាញ់លើកទី១នៅអំឡុងចុងខែកញ្ញា»។ «នេះ ពិតជាមិនអាចអត់ឱនឱ្យបានទេ»។

 

ការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ ធ្វើឡើងប្រហែល១ម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិក ដែលអាមេរិកនិយាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។ ចំពោះបញ្ហានេះ ប្រទេសកូរ៉េខាង ជើងអះអាងថា ការបាញ់មីស៊ីលគ្រាន់តែជាវិធានការប្រឆាំងតបទៅនឹងសមយុទ្ធយោធារួមរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

 

ក្នុងសេចក្តីថ្លែងការណ៍ពីក្រសួងការបរទេស ឃើញថាប្រទេសកូរ៉េខាងជើង បានថ្កោលទោសរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលបានបញ្ជូននាវាផ្ទុកយន្តហោះ ចម្បាំងចូលឧបទ្វីបកូរ៉េវិញ ដោយនិយាយថា ការវិលត្រលប់មកវិញរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក បង្កការគំរាមកំហែងធ្ងន់ធ្ងរចំពោះស្ថិរភាព។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024