ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

អារ៉ាប៊ីសាអ៊ូឌីត សន្យជំរុញ និងកៀរគរវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម

០៥ តុលា ២០២២ | សេដ្ឋកិច្ច

 

ក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបជូនប្រតិភូប្រទេសអារ៉ាប៊ីសាអ៊ូឌីត អំពីការអភិវឌ្ឍរបស់កម្ពុជាដែលមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយកដ្ឋមន្ត្រី ធ្វើឱ្យកម្ពុជាទទួលបានសន្តិភាព ស្ថេរភាពពេញលេញ និងការអភិវឌ្ឍន៏លើគ្រប់វិស័យ។

 


ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ទន្ទឹមនឹងការអភិវឌ្ឍនេះ កម្ពុជាក៏នៅបន្តត្រូវការការវិនិយោគបន្ថែមទៀត ជាអាទិវិស័យសណ្ឋាគារប្រណិតនៅតាមគោលដៅ ទេសចរណ៍ដ៏ទាក់ទាញសំខាន់ៗមួយចំនួននិងការហោះហើរត្រង់តភ្ជាប់ជាមួយគ្នា។

 


ជាមួយគ្នានេះដែរ ដោយមើលឃើញពីសក្តានុពលវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ភាគីអារ៉ាប៊ីសាអ៊ូឌីត បានសន្យានឹងជំរុញខិតខំកៀរគរវិនិយោគិនអារ៉ាប៊ីសាអ៊ូឌីតមកកម្ពុជា ក៏ដូចជាខិតខំជំរុញឱ្យមានការហោះហើរត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

 


ភាគីអារ៉ាប៊ីសាអ៊ូឌីត បានជម្រាបជូនលោករដ្ឋមន្ត្រី ថោង ខុន ថា នៅពេលដែលអារ៉ាប៊ីសាអ៊ូឌីត បង្កើតឱ្យមានស្ថានទូតប្រចាំនៅកម្ពុជានាពេលឆាប់ៗមុខនេះ គឺកិច្ចសហការលើគ្រប់វិស័យរវាងប្រទេសទាំងពីរពិតជានឹងមានការងាយស្រួល និងរីកចម្រើនយ៉ាងរហ័ស។

 


គួរបញ្ជាក់ថា បើយោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អារ៉ាប៊ីសាអ៊ូឌីត ក្នុងឆ្នាំ ២០២១ មានទឹកប្រាក់សរុប ២៦ លានដុល្លារ កើនជិត ៤០ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ។

 

 

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅអារ៉ាប៊ីសាអ៊ូឌីត មានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ ចំណែកផលិតផលនាំពីអារ៉ាប៊ីសាអ៊ូឌីតមកកម្ពុជាវិញ មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី និងសម្ភារសំណង់ ជាដើម៕
 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024