ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា កំពុងពិភាក្សាលើការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងការពង្រីកបណ្តាញវិនិយោគផ្ទាល់ពីបរទេស

០៥ តុលា ២០២២ | សេដ្ឋកិច្ច

 

ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និងសមាហរណកម្មក្នុងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ។


ឯកឧត្តម ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់និង សមាហរណកម្មក្នុងអាស៊ីនិងប៉ាស៊ីហ្វិក ដែលបានប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះ។ 

 


សន្និសីទនេះ បានផ្តោតសំខាន់លើការកសាងភាពធន់ឆ្លើយតបនឹងវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងវិស័យឌីជីថលភាវូបនីយកម្ម ការធ្វើសមាហរណកម្មទីផ្សារ ខ្សែច្រវាក់តម្លៃពាណិជ្ជកម្ម និងការវិនិយោគ និងការតភ្ជាប់តាមរយៈការដឹកជញ្ជូន ថាមពល និង ICT ប្រកបដោយបរិយាប័ន្ន និងចីរភាព។

 

 

ក្នុងនោះ សមាជិកទាំងអស់បានពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួនបី គឺ ១) ការធ្វើឱ្យមានភាពធន់តាមរយៈពាណិជ្ជកម្ម និងការវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងគ្រាមានវិបត្តិ ២) ការធ្វើឱ្យមានភាពធន់តាមរយៈការតភ្ជាប់ដោយរលូន និងចីរភាព និង៣) ដំណើរឆ្ពោះទៅអនាគតឌីជីថលប្រកបដោយបរិយាប័ន្ន ដោយក្នុងនោះសន្និសីទបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងតួនាទីរបស់វិស័យពាណិជ្ជកម្ម និងការវិនិយោគក្នុងការជួយបង្កើតភាពធន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ ការពង្រីកបណ្តាញវិនិយោគផ្ទាល់ពីបរទេសនៅអាស៊ីនិងប៉ាស៊ីហ្វិក សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលអាចជួយឱ្យសម្រេចបាននូវអាទិភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងពង្រឹងការត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរឌីជីថល។ 

 


ក្នុងសន្និសីទនេះផងដែរ សមាជិកទាំងអស់បានទទួលស្គាល់ពីសារៈសំខាន់ និងតួនាទីការតភ្ជាប់ឌីជីថលក្នុងការធ្វើឱ្យមានភាពធន់ឆ្លើយតបនឹងវិបត្តិ និងបានជំរុញឱ្យមានវិធានការនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថ្នាក់តំបន់ដើម្បីលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ការអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន និងចីរភាព ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024