ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

មន្ត្រីទទួលបន្ទុកថា មិនទាន់មានជនមានពិការភាពណាម្នាក់ គ្រោះថ្នាក់ដោយសារទឹកជំនន់ទេ

០៥ តុលា ២០២២ | ព័ត៌មានជាតិ



ដោយមានការយកចិត្តទុកដាក់អន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ មន្ត្រីទទួលបន្ទុក បានអះអាងថា រហូតមកដល់ពេលនេះ មិនទាន់មានជនមានពិការភាពណាម្នាក់ គ្រោះថ្នាក់ដោយសារទឹកជំនន់នៅឡើយ។ ទោះយ៉ាងណា មន្ត្រីរូបនេះ បានក្រើនរំឭកដល់អ្នកពាក់ព័ន្ធ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគ្រប់ពេលវេលា។

 


គិតរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ថាមានជនមានពិការភាពណាម្នាក់ បានរងគ្រោះថ្នាក់ដោយសារទឹកជំនន់នៅឡើយទេ ។ មិនទាន់មានគ្រោះថ្នាក់ដោយហេតុថា ទទួលបានការអន្តរាគមន៍ និងជួយទំនុកបម្រុងយ៉ាងយកចិត្តទុកដាក់ ។ ម្យ៉ាងដោយសារទឹកជំនន់នៅពេលនេះ ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ។

 

 

ទោះយ៉ាងណា ជនមានពិការភាព គឺជាប្រភេទមនុស្សងាយរងគ្រោះស្រាប់ទៅហើយ ម្យ៉ាងទៀតតំបន់ខ្លះជាតំបន់ទំនាប បានសេចក្តីថា វាបានប៉ះពាល់ដល់ជនមានពិការភាពរួចទៅហើយ ហេតុនេះសូមអ្នកពាក់ព័ន្ធទាំងអស់ រាប់ចាប់ពីជនមានពិការភាពខ្លួនឯង គ្រួសារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងឡាយ មេត្តាបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បី ចៀសវាងនូវការធ្វេសប្រហែសណាមួយ នាំគ្រោះថ្នាក់ដល់ជនមានពិការភាពជាយថាហេតុ ។ នេះគឺជាការផ្ញើសារក្រើនរំឭករបស់លោក សាន់ រតនា ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ។

 


ចំណែកឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈគេហទំព័ររបស់គណៈកម្មាធិការជាតិមួយមួយនេះ បានលើកឡើងថា ក្រោមបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី យើងខ្ញុំទាំងអស់គ្នា បានត្រៀមលក្ខណសម្បត្តិរួចរាល់ហើយ ទាំងកម្លាំងប្រតិបត្តិការ និងទីទួលសុវត្ថិភាព ។ យើងខ្ញុំកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការវិវឌ្ឍចុងក្រោយលើបាតុភាពធម្មជាតិ តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម ។

 


សូមជម្រាបថាស្ថាប័នចំនួន ៣ បាន និងកំពុងឈានមុខគេក្នុងការជួយអន្តរាគមន៍ដល់ជនមានពិការភាពតាមរូបភាព និងតម្រូវការជាក់ស្តែង ដូចជាជម្លៀសរកទីទួលមានសុវត្ថិភាព ការផ្តល់ស្បៀងអាហារ និងតម្រូការនានារួមទាំងការផ្តល់សាច់ប្រាក់ផង នោះគឺទី១.គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងអាជ្ញាធរមូលដ្ឋាន, ទី២. មន្តីរសង្គមកិច្ចរាជធានី ខេត្ត និងទី៣.មូលនិធិជាតិជំនួយសង្គម ។ នេះបើតាមការឱ្យដឹងរបស់លោក សាន់ រតនា ដដែល ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024