ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋរាប់សិបនាក់ប្រកួតគ្នាទាញយន្តហោះដឹកអ្នកដំណើរមានទម្ងន់ប្រហែល ៨២ តោននៅអាមេរិក

តើទស្សនិកជនដែលកំពុងទស្សនាកម្មវិធីនេះអាចទាញយន្តហោះដែលមានទម្ងន់រាប់សិបតោនបានដែរឬទេ? ប៉ុន្តែពលរដ្ឋមួយចំនួននៅរដ្ឋវើជីននៀ (Virginia) សហរដ្ឋអាមេរិកអាចធ្វើបានដោយពួកគេបានប្រកួតគ្នាជាក្រុមដើម្បីអូសទាញយន្តហោះដែលមានទម្ងន់ ៨២ តោនដ៏គួរឱ្យអស្ចារ្យ។

 

 

 

 

 

ប្រជាពលរដ្ឋមួយចំនួននៅរដ្ឋវើជីននៀសហរដ្ឋអាមេរិកតែងតែធ្វើពិធីដ៏ចម្លែកមួយជារៀងរាល់ឆ្នាំ គឺពិធីអូសយន្តហោះ (Plane Pull) ដើម្បីបង្កើតភាពសប្បាយក៏ដូចជាការរៃអង្កៀសថវិកាដើម្បីយកទៅជួយដល់អង្គការឬកម្មវិធីសប្បុរសធម៌នានានៅសហរដ្ឋអាមេរិកផងដែរ។

 


នៅឆ្នាំ២០២០នេះប្រជាពលរដ្ឋជាង១រយនាក់បានប្រកួតគ្នាជាក្រុមដើម្បីចង់ដឹងមើលថា តើក្រុមណាមួយដែលអាចអូសយន្តហោះដឹកអ្នកដំណើរប្រភេទប៊ូអ៊ីង ឬក៏អ៊ែរបឹស អេ៣២០ (Airbus A320) ដែលមានទម្ងន់ ៨២ តោននៅក្នុងព្រឹត្តិការណ៍នេះនៅព្រលានយន្តហោះអន្តរជាតិដាល់ឡិស (Dulles) នៅក្នុងរដ្ឋវើជីនៀ។

 


ព្រឹត្តិការណ៍នេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៩២ក្នុងបំណងរៃអង្កៀសថវិកាសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកពិសេស ហើយនេះគឺជាលើកដំបូងដែលព្រឹត្តិការណ៍នេះបានវិលត្រលប់មកវិញបន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារតែជំងឺកូវីដ១៩។

 

 

 

 


លោក រីឆាដ ហ្កូលីណូស្គី (Richard Golinowski) អនុប្រធាន និងជាអ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិវ៉ាស៊ីងតោនដាឡិស (Washington Dulles) បាននិយាយថា ព្រឹត្តិការណ៍នេះគឺជាគំនិតផ្ដួចផ្ដើមរបស់លោកអនុប្រធានប៉ូលិសចូលនិវត្តន៍ ចូ ហ៊ឺថឹក (Joe Hurtuk) ក្នុងកិច្ចប្រឹងប្រែងដើម្បីរៃអង្កៀសមូលនិធិសម្រាប់កីឡាអូឡាំពិកពិសេសនេះ។

 


តាំងពីចាប់ផ្តើមបង្កើតព្រឹត្តិការណ៍នេះមកទល់នឹងពេលនេះគេបានរៃអង្កៀសប្រាក់បានជាង ៣ លានដុល្លារ ហើយឥឡូវនេះគេបានបង្កើតព្រឹត្តិការណ៍នេះនៅតាមទីក្រុងផ្សេងៗទៀត ហើយសូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកពិសេសនេះគឺជាអង្គការកីឡាដ៏ធំបំផុតរបស់ពិភពលោកសម្រាប់កុមារ និងមនុស្សពេញវ័យដែលមានពិការភាពផ្នែកបញ្ញា ឬក៏រាងកាយ។

 

 

 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024