ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២

IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញប្រមាណ៥.៥% នៅឆ្នាំ២០២៣

០៤ តុលា ២០២២ | សេដ្ឋកិច្ច

 

មូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថា IMF បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនឡើងវិញប្រមាណ៥.៥% នៅឆ្នាំ២០២៣ ដោយសារតែការកើនឡើងនៃការនាំចេញទំនិញ និងវិស័យទេសចរណ៍ ។

 

យោងតាមរបាយការណ៍ពីមូលនិធិរូបិយវត្ថុអន្ដរជាតិ ឬហៅកាត់ថា IMF កាលពីពេលថ្មីៗកន្លងទៅបានបង្ហាញថា នៅឆមាសទី២ឆ្នាំ២០២១កន្លងទៅ សេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមមានកំណើនឡើងវិញ ដោយសារតែការកើនឡើងនៃការនាំចេញទំនិញ ហើយនៅឆ្នាំ២០២២នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានគេប៉ាន់ប្រមាណថាមានកំណើនរង្វង់៥% បើទោះបីជាត្រូវរងឥទ្វិពលមួយចំនួនពីការថមថយនៃសេដ្ឋកិច្ចចិន, និងតម្រូវការប្រើប្រាស់នៅក្នុងប្រទេសអភិឌ្ឍន៍ ដូចជាអាម៉េរិក និងអឺរ៉ុប ដែលជាទីផ្សារនាំចេញសំខាន់របស់កម្ពុជាក៏ដោយ។ 

 


នៅក្នុងខែមិថុនា ឆ្នាំ២០២២កន្លងទៅ កម្ពុជាជួបនូវកំណើនអតិផរណារហូតដល់៧.៨% បើធៀបនឹងឆ្នាំកន្លងទៅ ដែលកើតចេញពីកំណើនថ្លៃថាមពល។ ការបញ្ជាទិញមានការធ្លាក់ចុះនៅក្នុងឆមាសទី២នៃឆ្នាំនេះ រួមទាំងវិស័យអចលនទ្រព្យកំពុងមានកំណើនយឺត។ លើសពីនេះ កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ត្រូវបានគេព្យាករថានឹងមានកំណើនប្រមាណ៥.៥% ដោយសារតែការងើបឡើងវិញនាំវិស័យទេសចរណ៍ និងការបន្ដគាំទ្រពីគោលនយោបាយរបស់រដ្ឋាភិបាល បើទោះបីជាសេដ្ឋកិច្ចនឹងត្រូវរងសម្ពាធពីបញ្ហាសេដ្ឋកិច្ច និងកម្រិតថ្លៃសកល។

 


ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃចន្ទទី៣តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីការកើនឡើងនៃវិបត្តិថ្លៃថាមពល រួមនឹងវិបត្តិសកលមួយចំនួនដែលកំពុងបន្តកើនមាន ដែលបានធ្វើអោយជះឥទ្ធិពលដល់ដំណើរការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

 


រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២២ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើងវិញនៃការវិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ចំណែកឯធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ ក៏បានធ្វើការដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងកើនដល់៤.៨ភាគរយនៅក្នុងឆ្នាំ២០២២ និង ៥.២ភាគរយ នៅឆ្នាំ២០២៣ ។

 

 

ដោយឡែក ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករណ៍ផងដែរថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ មានកំណើន ៥.៣% ប៉ុន្តែបានបន្ទាបការព្យាករណ៍អត្រាកំណើននៅឆ្នាំ២០២៣ ពី ៦.៥% មកនៅត្រឹម៦.២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក៕
 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.