ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

យុវជនហូឡង់មួយក្រុមមានសមត្ថភាពផលិតរថយន្តអគ្គិសនីស្រដៀងនឹងរថយន្តអាល្លឺម៉ង់ម៉ាក BMW

ស្របពេលពិភពលោកជាពិសេសបណ្ដាប្រទេសបស្ចិមលោកកំពុងតែងាកទៅផលិតរថយន្តអគ្គិសនីដើម្បីបន្ថយឧស្ម័នផ្ទះកញ្ចក់នោះ ស្រាប់តែមានយុវជនហូឡង់មួយក្រុមបានបង្ហាញសមត្ថភាពខ្ពស់ក្នុងការកែច្នៃរថយន្តស្ព័រប្រើថាមពលអគ្គីសនីដ៏ទំនើប និងមានរូបរាងស្រដៀងទៅនឹងរថយន្តអាល្លឺម៉ង់ម៉ាក BMW ប៉ុន្តែវាមានលក្ខណៈពិសេសម្យ៉ាង គឺវាអាចចាប់យកជាតិកាបូនច្រើនជាងរថយន្តធម្មតា។

 

 

 

 

 

លោក ជេន ឡាហៃចេ (Jens Lahaije) អ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមនិស្សិត TU/ecomotive នៅសាកលវិទ្យាល័យបច្ចេកវិទ្យា អេនហូវិន (Eindhoven) នៅប្រទេសហូឡង់ដែលបានបង្កើតរថយន្តនេះបាននិយាយថា គោលដៅចុងក្រោយរបស់ពួកគេគឺដើម្បីបង្កើតអនាគតប្រកបដោយនិរន្តរភាពបន្ថែមទៀត។
លោក ឡាហៃចេ បាននិយាយថា រថយន្តដែលពួកគេបានបង្កើតនេះត្រូវបានដាក់ឈ្មោះ ហ្សិម (ZEM)។

 

រថយន្តនេះប្រើថាមពលអគ្គិសនីដោយគ្មានការបំភាយឧស្ម័ននោះទេ ហើយវាមានកៅអីមុខតែពីរប៉ុណ្ណោះ ហើយផ្នែកភាគច្រើននៅក្នុងរថយន្តនេះគឺធ្វើពីផ្លាស្ទិកប្រើប្រព័ន្ធស្រ៊ីឌី (3D)។

 

 

 

 

 


អ្នកគ្រប់គ្រងហិរញ្ញវត្ថុរូបនេះបានបន្ថែមថា គោលដៅរបស់ពួកគេគឺការកាត់បន្ថយការបញ្ចេញជាតិកាបូនឌីអុកស៊ីតពេញមួយអាយុកាលរបស់រថយន្តអគ្គិសនីនេះ គឺចាប់តាំងពីការផលិតរហូតដល់ការកែច្នៃឡើងវាវិញ។

 


ក្រុមនិស្សិតនៅសាកលវិទ្យាល័យ អេនហូវិន បាននិយាយថា រថយន្តហ្សិមនេះប្រើតម្រងឬស្បៃពីរដែលអាចចាប់យកជាតិឧស្ម័នអាក្រក់បានច្រើនជាងរថយន្តធម្មតារហូតដល់ទៅ ២ គីឡូក្រាមនៅក្នុងអំឡុងពេលបើកបររថយន្តនេះ។

 

 

 

 

ហើយពេលនេះក្រុមនិស្សិតនេះកំពុងតែបង្ហាញយានជំនិះរបស់ពួកគេនៅក្នុងដំណើរទេសចរណ៍ផ្សព្វផ្សាយនៅតាមសាកលវិទ្យាល័យ និងក្រុមហ៊ុននានានៅលើទឹកដីសហរដ្ឋអាមេរិក៕

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024