ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សត្វដំរីទឹកបានវាយប្រហារទៅលើប្រជានេសាទនៅប្រទេសកេនយ៉ាកើនឡើងកាន់តែខ្លាំង

សត្វដំរីទឹក (Hippo) បានវាយប្រហាប្រជានេសាទនៅជុំវិញបឹងណៃវ៉ាសា (Naivasha) ដែលជាបឹងទឹកសាបមួយនៅជាយទីក្រុងណៃវ៉ាសានៅក្នុងស្រុកណាគូរូ (Nakuru) នៅប្រទេសកេនយ៉ាដែលជាការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ប្រជានេសាទមូលដ្ឋានដូច្នេះហើយរដ្ឋាភិបាលបានសម្រេចផ្លាស់ទីសត្វទាំងនេះដើម្បីដោះស្រាយបញ្ហាជម្លោះរវាងមនុស្ស និងសត្វព្រៃ។

 

 

 

 

បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខែតុលា ឆ្នាំ២០១៩ ផ្ទៃទឹកនៅបឹងណៃវ៉ាសាបានរីកសាយក្នុងទំហំធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះដោយបានរីកសាយជលសាទៅដល់កន្លែងរស់នៅរបស់សត្វដំរីទឹករាប់រយក្បាល។

 


សត្វដំរីទឹកមិនអាចរស់នៅក្នុងទឹកជម្រៅបានទេដូច្នេះហើយពួកវាក៏បានបង្ខំចិត្តចូលទៅរស់នៅតាមមាត់បឹងដែលមានទឹករាក់ងាយស្រួលដេកត្រាំក្នុងទឹក ហើយសត្វទាំងនេះក៏បានវាយប្រហារប្រជានេសាទនៅក្នុងតំបន់ដែលកំពុងរកត្រីនៅតាមមាត់បឹងនេះផងដែរ។

 


អ្នកនេសាទម្នាក់ឈ្មោះ អេរិក ចូហ្គូ (Eric Njogu) បាននិយាយថា គាត់ពិតជាមានសំណាងណាស់ដែលបានគេចផុតពីការវាយប្រហាររបស់សត្វដំរីទឹកនេះដោយសារគាត់ចេះហែលទឹកបានលឿនជាងសត្វនេះបើមិនអ៊ីចឹងទេគាត់ច្បាស់ជាគ្មានជីវិតអាចឈរនិយាយជាមួយមនុស្សជុំវិញខ្លួនគាត់ទៀតឡើយ។

 

 

 

 

 

មិនមែនមានតែបុរសម្នាក់នេះទេដែលបានរងការវាយប្រហារពីសត្វព្រៃនៅជុំវិញបឹងណៃវ៉ាសានេះប៉ុន្តែនៅមានប្រជានេសាទជាច្រើននាក់ទៀតនៅក្នុងតំបន់នេះក៏ត្រូវបានវាយប្រហារដោយសត្វដំរីទឹកនេះផងដែរដោយអ្នកនេសាទម្នាក់បានដាច់ដៃស្តាំរបស់គាត់ដោយសារតែការវាយប្រហាររបស់សត្វនេះ។

 


យោងតាមទិន្នន័យដែលចេញផ្សាយដោយទស្សនាវដ្ដី National Geographic បានបង្ហាញថា សត្វដំរីទឹកបានសម្លាប់មនុស្សប្រហែល ៥០០ នាក់ជារៀងរាល់ឆ្នាំនៅទូទាំងទ្វីបអាហ្រ្វិក៕

 

 

 

 


 

 

 

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024