ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលរំលងប្រទេសជប៉ុន

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបលីស្ទីករំលងប្រទេសជប៉ុននៅថ្ងៃអង្គារ(៤តុលា)នេះ។ ការបាញ់មីស៊ីលរំលងប្រទេសជប៉ុននេះផងដែរ ក៏ជាការបាញ់ មីស៊ីលលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ។ អាជ្ញាធរជប៉ុនបានព្រមានពលរដ្ឋឱ្យរកទីកន្លែងជ្រកដើម្បីសុវត្ថិភាព ហើយបានផ្អាកសេវាកម្មរថភ្លើងជាបណ្តោះ អាសន្ននៅតំបន់ភាគខាងជើងប្រទេសជប៉ុន។

 

 

 

 

 

រដ្ឋាភិបាលជប៉ុន បានព្រមានដល់ពលរដ្ឋរបស់ខ្លួនឱ្យរកទីកន្លែងជ្រក នៅពេលដែលមីស៊ីលហោះរំលងប្រទេសជប៉ុន មុនពេលធ្លាក់ទៅក្នុងដែនទឹកសមុទ្រ ប៉ាស៊ីហ្វិច។

 

ជប៉ុនបានលើកឡើងឱ្យដឹងថា ជប៉ុនមិនមានការប្រើប្រាស់វិធានការការពារផ្សេងៗណាមួយឡើយដើម្បីបំផ្លាញមីស៊ីល។

 

ការបាញ់មីស៊ីលរំលង ប្រទេសជប៉ុននេះផងដែរ ក៏ជាការបាញ់មីស៊ីលលើកដំបូងក្នុងរយៈពេល៥ឆ្នាំចាប់តាំងពីមីស៊ីលទី១ ពីប្រទេសកូរ៉េខាងជើង រំលងប្រទេសជប៉ុននៅឆ្នាំ២០១៧។

 

 

 

 

 

ក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Hirokazu Matsuno បានលើកឡើងថា«សកម្មភាពជាបន្តបន្ទាប់របស់ប្រទេសកូរ៉េខាងជើង រួមមានការបាញ់មីស៊ីលបលីស្ទីកជាច្រើនដងច្រើនលើករបស់ប្រទេសកូរ៉េខាងជើង បានគំរាមកំហែងដល់សន្តិភាព និងសន្តិសុខរបស់ប្រទេសជប៉ុននិងតំបន់ រួមនិងសហគមន៍អន្តរជាតិ ហើយក៏បានបង្កជាបញ្ហាយ៉ាងធ្ងន់ធ្ងរចំពោះសហគមន៍អន្តរជាតិទាំងមូលរួមទាំងប្រទេសជប៉ុន»។

 

សារព័ត៌មានTV Asahi ដកស្រង់ប្រភពពីរដ្ឋាភិបាលដោយមិនបញ្ជាក់ឈ្មោះ បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងប្រហែលបាញ់មីស៊ីលបលីស្ទីកអន្តរទ្វីប(ICBM)  ហើយបានធ្លាក់ទៅក្នុងសមុទ្រ ចម្ងាយប្រហែល៣០០០គីឡូម៉ែត្រពីប្រទេសជប៉ុន។

 

ការតេស្តមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង បានធ្វើឱ្យ ក្រុមហ៊ុនផ្លូវដែករបស់ប្រទេសជប៉ុន ផ្អាកសេវាកម្មរថភ្លើងជាបណ្តោះអាសន្ន នៅតំបន់ភាគខាងជើង។ យោងសារព័ត៌មានជប៉ុនNHK។

 

ការបាញ់មីស៊ីលថ្មីចុងក្រោយបំផុតនេះ គឺជាមីស៊ីលទី៥របស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងដែលបានបាញ់ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ចំពេលសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធា។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024