ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

CDC អនុម័តគម្រោងវិនិយោគថ្មីៗ៨ទីតាំងបន្ថែមសរុបទុនវិនិយោគប្រមាណ៩០លានដុល្លារ

០៣ តុលា ២០២២ | សេដ្ឋកិច្ច

 

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន០៨ទីតាំងបន្ថែមទៀត សរុបទុនវិនិយោគប្រមាណ៩០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

 


តាមហ្វេសប៊ុកផ្លូវការរបស់ CDC បានបង្ហាញថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន ទាំង០៨ទីតាំងនេះក្នុងទុនវិនិយោគ ប្រមាណជិត៩០លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ៥,៤៣៣នាក់។ 

 


គម្រោងនោះរួមមាន គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិ ចំនួន ១១៧គ្រែ ក្នុងទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៧៨កន្លែង។

 

 

គម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យបេះដូងនិងសរសៃឈាម ចំនួន ៣០០គ្រែ មានទុនវិនិយោគចំនួន ២០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៨កន្លែង។

 


គម្រោងអភិវឌ្ឍន៍កោះត្បាល់ មានទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០៥កន្លែង។
គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ មានទុនវិនិយោគប្រមាណ ៧,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៣២កន្លែង។
គម្រោងបង្កើតរោងចក្រផ្គុំដំឡើងខ្សែគ្រឿងអេឡិចត្រូនិក មានទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។
គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤៨កន្លែង។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩៥៨កន្លែង។
គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៥០កន្លែង។
គួរបញ្ជាក់ថា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា ថ្មីៗនេះ ក៏បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន បន្តស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២នេះ៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024