ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

នី រតនា បង្ហើបគម្រោងអាជីវកម្មថ្មី ត្រៀមបើកដំណើរការចុងឆ្នាំនេះ!

០៣ តុលា ២០២២ | កម្សាន្ដ

 

 

ខណៈការងារសិល្បៈកំពុងរលូនទៅមុខ ចំណែកជំនួញក្នុងដៃក៏ដំណើរការទៅល្អ តារាចម្រៀង នី រតនា ស្រាប់តែបង្ហើបថានៅចុងឆ្នាំនេះ លោកនិងភរិយា នឹងពង្រីកជំនួញថ្មីមួយទៀត។


ច្រើនឆ្នាំកន្លងមកនេះ តារាចម្រៀង លោក នី រតនា នៅតែរក្សាបានប្រជាប្រិយភាពរបស់ខ្លួន។ ជាក់ស្តែង ចាប់តាំងពីស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាមានការថមថយចុះ ការងារសិល្បៈលោកកាន់តែមមាញឹកខ្លាំងឡើង ដោយលោកបានចេញច្រៀងតាម Concert ប៉ុស្តិ៍ទូរទស្សន៍ និង Concert តាមបណ្តាខេត្ត និងច្រៀងតាមកម្មវិធីផ្សេងៗជាច្រើនទៀត។ ក្រៅពីការងារសិល្បៈ លោកក៏មានជំនួញក្នុងដៃផងដែរ ជាហេតុធ្វើឱ្យលោកកាន់តែរវល់ខ្លាំង។ 

 

 

ទោះជាយ៉ាងនេះក្តី ក៏លោកពុំដែលខកខានបញ្ចេញស្នាដៃបទចម្រៀងថ្មីៗជូនអ្នកគាំទ្រនោះទេ មានតែវិស័យភាពយន្តប៉ុណ្ណោះ ដែលលោកសម្រេចចិត្តផ្អាកទទួលថត ព្រោះតែជាប់រវល់ការងាររកស៊ី និងគ្រួសារ។ តាមការឱ្យដឹង លោកនឹងត្រឡប់មកប្រឡូកវិស័យភាពយន្តវិញនៅពេលរយាលដៃជាងនេះបន្តិច។

 

 

បង្ហើបឱ្យ PNN ដឹងកាលពីពេលថ្មីៗ ប៉ាប៉ារបស់ នីវណ្ណ មែលឡានី ហៅ មែល (MEL) ថា នៅចុងឆ្នាំ២០២២នេះ លោក និងភរិយា នឹងពង្រីកជំនួញធំមួយទៀត បន្ថែមពីអាជីវកម្មគ្រឿងសំអាង Womea by Tessa ដែលកំពុងមានក្នុងដៃ នោះគឺ ហាង Baby ជាម៉ាតលក់ផលិតផលសម្រាប់ Baby។ មូលហេតុដែលសម្រេចជ្រើសរើសបើកមុខរបរនេះ ព្រោះលោក និងភរិយា មើលឃើញថា សម្ភារៈកូនក្មេងជាតម្រូវការចាំបាច់បំផុតដែលមិនអាចខ្វះបាន។

 

 

ទោះមិនប្រាប់ឱ្យដឹងពីទំហំទឹកប្រាក់នៃការបើកអាជីវកម្មថ្មីនេះ តែគេជឿជាក់ថាខ្ទង់ចំណាយជិតជាច្រើនម៉ឺនដុល្លារ ឬអាចឈានដល់ខ្ទង់សែនដុល្លារឯណោះ។
លោក នី រតនា សង្ឃឹមថា ពុកម៉ែបងប្អូននឹងគាំទ្រអាជីវកម្មថ្មីរបស់ខ្លួន ព្រោះលោកនិងភរិយា សម្រិតសម្រាំងយកតែរបស់ល្អៗ មានគុណភាពមកលក់តែប៉ុណ្ណោះ៕

 

 

 

អត្ថបទ៖ រ៉ាត៉ ចាន់ធីតា រូបភាព៖ ឃាង ទូច និង Facebook

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024