ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ទើបតែលេចមុខក្នុងរឿង « លោកប្តី » វគ្គ ២ ជាមួយនាយ ពាក់មី ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ពេលនេះស្រាប់តែកញ្ញា សីសី ប្រកាសផ្អាកមិនទទួលថតរឿងមួយរយៈធំ ។
កញ្ញា សីសី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីក្រោយពីមានវត្តមាននៅក្នុងរឿង « លោកប្តី » វគ្គ២ ដោយនាងសម្តែងជាមួយនាយ ពាក់មី ក្នុងឈុតស្នេហារោលរាល រហូតធ្វើឱ្យកេរ្តិ៍ឈ្មោះនាងកាន់តែល្បីល្បាញឡើង ។ប៉ុន្តែអ្វីដែលជាចម្ងល់នោះ នៅពេលល្បីល្បាញជាមួយតារាកំប្លែងរូបនេះក្នុងស្នេហាមក ស្រាប់តែកញ្ញា ប្រកាសផ្អាកឈប់ថតរឿងទៅវិញ ។
សីសី បានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍បន្ទាប់ពីមានវត្តមាននៅក្នុងរឿង « លោកប្តី » វគ្គ ២ ក្នុងឈុតស្នេហារោលរាល ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់សរសើរគ្រប់ៗគ្នា សូម្បីតែនាយ ពាក់មី ផ្ទាល់ ក៏បានសរសើរថា កញ្ញាជាតារាសម្តែងដ៏ល្អ មានទេពកោសល្យខ្ពស់ និង មិនចេះប្រកាន់ខ្លួន ដូច្នេះហើយទើបលោកជ្រើសរើសនាងសម្តែងនៅក្នុងរឿងនេះ ។
ចំណែក សីសី វិញ ស្របពេលកេរ្តិ័ឈ្មោះកាន់តែល្បីល្បាញស្រាប់តែនាងបាននិយាយថា មួយរយៈពេលនេះ នាងសុំផ្អាកមិនទទួលថតរឿងទៀត ដើម្បីមានពេលវេលាធ្វើការងារផ្ទាល់ខ្លួន ពីព្រោះនាងទើបតែបើករបរកស៊ីផ្ទាល់ខ្លួនមួយកាលពីពេលថ្មីៗ ។
ថ្វីដ្បិតតែកញ្ញា និយាយបែបនេះក្តី ប៉ុន្តែសម្រាប់អ្នកក្នុងសិល្បៈបាននិយាយថា កញ្ញា សីសី ប្រកាសផ្អាកថតរឿងដោយសារគូស្នេហ៍របស់នាងហាមប្រាម ពីព្រោះវត្តមាននាងនៅក្នុងរឿង « លោកប្តី » វគ្គ ២ ជាមួយ នាយ ពែក មី បានធ្វើឱ្យគូស្នេហ៍នាងខឹងសម្បារខ្លាំងណាស់នៅពេលថតឈុតស្នេហា ដូច្នេះគេមិនចង់ឱ្យនាង ប្រលូកក្នុងវិស័យនេះទៀតទេ ។ ទោះជាយ៉ាងនេះក្តីកញ្ញា សីសី នៅតែអះអាងថា នាងគ្មានគូស្នេហ៍ ហើយក៏មិនមានបុរសណាម្នាក់មកហាមឃាត់នាងមិនឱ្យថតរឿងដែរ ។
កញ្ញា សីសី ជាតារាសម្តែងមួយរូបដែលមានសម្រស់ស្រស់ស្អាត និងមានអ្នកតាមស្រឡាញ់ច្រើន ជួបជាមួយនាងកាលពីពេលថ្មីៗនេះយើងចាប់អារម្មណ៍ឃើញថា សម្រស់ សីសី កាន់តែស្អាតប្លែក សូម្បីតែធ្វើឱ្យមិត្តភក្តិជុំវិញខ្លួននាងក៏និយាយថា សីសី បានចូលហាងវះកាត់កែសម្ផស្សផងដែរ ។ តែចំពោះរឿងនេះកញ្ញា បានបញ្ជាក់ប្រាប់ថា នាងមិនទៅហាងកែសម្ផស្សនោះទេ នាងស្រស់ស្អាតបែបនេះដោយសារបច្ចេកទេសនៃការផាត់មុខប៉ុណ្ណោះ។
សូមបញ្ជាក់ថាកញ្ញា សីសី មានឈ្មោះពិត សាយ ច័ន្ទរាសី ដោយសារឈ្មោះនេះមិនសូវចាប់អារម្មណ៍ នាងក៏បានដាក់ឈ្មោះត្រឹមថា សីសី ដើម្បីងាយស្រួលហៅនិងងាយស្រួលចំណាំ ឈ្មោះនេះក៏បានធ្វើឱ្យ សីសី ល្បីឈ្មោះមកដល់សព្វថ្ងៃនេះ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា