ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ផលិតកម្ម Hybe បាត់បង់ ១០ពាន់លានដុល្លារ តាំងពីក្រុម BTS ប្រកាសដំណឹងសម្រាក

០៣ តុលា ២០២២ | កម្សាន្ដ

 

ចាប់តាំងពីក្រុមចម្រៀង BTS ប្រកាសដំណឹងសម្រាកពីការចេញចម្រៀងជាក្រុមដើម្បីផ្ដោតលើការងាររៀងៗខ្លួន តម្លៃភាគហ៊ុនរបស់ផលិតកម្ម Hybe (ហែប) បានបន្តធ្លាក់ចុះយ៉ាងគំហុក ដោយគិតជាទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក។


តម្លៃភាគហ៊ុនរបស់ផលិតកម្មកូរ៉េខាងត្បូង Hybe (ហែប) ដែលជាទ្រនំក្រុមចម្រៀង BTS បានធ្លាក់ចុះក្រោមតម្លៃពេលដាក់លក់ជាលើកដំបូង ដែលធ្វើឲ្យក្រុមហ៊ុនបាត់បង់រហូតដល់ ១០ពាន់លានដុល្លារ។

 

 

គិតត្រឹមសប្ដាហ៍កន្លងទៅ តម្លៃភាគហ៊ុនរបស់ផលិតកម្ម Hybe (ហែប) បានថយចុះ ៧,៩% មកនៅតម្លៃទាបត្រឹមប្រមាណ ៨៩ដុល្លារ ក្នុងមួយចំណែកហ៊ុន ខណៈដែលតម្លៃពេលចេញលក់ដំបូងគឺមានប្រមាណ ៩៣ដុល្លារ។ តម្លៃភាគហ៊ុនបានថយចុះចាប់តាំងពីខែមិថុនា ពេលដែលសមាជិក BTS ប្រកាសថាពួកគេនឹងសម្រាកពីការងារជាក្រុម និងផ្ដោតលើការងាររៀងៗខ្លួនវិញ ហើយការដែលសមាជិកក្រុមជិតដល់ពេលចូលបម្រើយោធាក៏បានប៉ះពាល់ដល់តម្លៃហ៊ុនផងដែរ។

 

 

រយៈពេល៩ឆ្នាំ ចាប់តាំងពីពេលប្រឡូកចូលសិល្បៈដំបូង ក្រុមចម្រៀងមានសមាជិក ៧នាក់មួយនេះបានបង្កើត និងបំបែកកំណត់ត្រាធំៗជាច្រើន ក្នុងនោះរួមមានកំណត់ត្រាជាក្រុមមានបទចម្រៀងជាប់លេខមួយលើតារាងចម្រៀង Billboard Hot 100 (ប៊ីលប៊ត ហត វ័នហាន់ដ្រេត) ច្រើនជាងគេក្នុងពេលដ៏ខ្លី និងបំបែកកំណត់ត្រារបស់ស្ដេចចម្រៀងប៉ុប Michael Jackson (ម៉ាយឃើល ជេកស៊ុន)។

 

 

ក្រុម BTS មានឥទ្ធិពលខ្លាំងដល់ថ្នាក់មន្ត្រីក្នុងជួររដ្ឋាភិបាលកូរ៉េខាងត្បូងបារម្ភថា វាអាចនឹងបង្កឲ្យមានការខាតបង់វប្បធម៌សម្រាប់មនុស្សជាតិ ប្រសិនបើក្រុមនេះត្រូវផ្អាកការងារដើម្បីចូលបម្រើយោធា។ គួរបញ្ជាក់ថាសមាជិកឈ្មោះ Jin (ជីន) វ័យ២៩ឆ្នាំ ដែលជាសមាជិកមានវ័យច្រើនជាងគេ ត្រូវចុះឈ្មោះចូលបម្រើយោធាមុនបំណាច់ឆ្នាំ២០២២នេះ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024