ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អង្គការសហប្រជាជាតិព្រមានពីការឡើងកម្ដៅនៃសង្គ្រាមអ៊ុយក្រែន ក្រោយការដាក់បញ្ចូលតំបន់ផ្ដាច់ខ្លួនជាទឹកដីរបស់រុស្ស៊ី

បន្ទាប់ពីចុះហត្ថលេខាលើក្រឹត្យ១ដែលប្រកាសដាក់បញ្ចូលតំបន់ផ្ដាច់ខ្លួនអ៊ុយក្រែននៅហ្សាប៉ូរីសហ្សៀ(Zaporizhia) និងខឺសុន(Kherson), ឥឡូវនេះ រដ្ឋាភិបាលទីក្រុងម៉ូស្គូត្រៀមប្រកាសដាក់បញ្ចូលតំបន់២ទៀតជាទឹកដីរុស្ស៊ី។

 

ដូចនេះគេគិតថាស្ថានការណ៍នៅអ៊ុយក្រែនអាចនឹងឡើងកម្ដៅកាន់តែខ្លាំង, បន្ទាប់ពីរុស្ស៊ីដុតបញ្ឆេះសង្គ្រាមរយៈពេល៧ខែកន្លងទៅនេះ។

 

 

 

 

ក្រោយការបោះឆ្នោតប្រជាមតិត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ, រដ្ឋាភិបាលទីក្រុងម៉ូស្គូក៏ប្រញាប់ប្រញាល់ដាក់តំបន់៤គឺដូណឹត លូហាន ហ្សាប៉ូរីសហ្សៀ និងខឺសុន ជាទឹកដីរបស់ខ្លួន។

 

អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិចាត់ទុកថានេះជាការរំលោភទៅលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងជាទង្វើដែលគ្មានតម្លៃគតិយុត្តិ។ លោកព្រមានថាទង្វើរបស់រុស្ស៊ីនឹងធ្វើឲ្យសង្គ្រាមនៅអ៊ុយក្រែនកាន់តែឡើងកម្ដៅ។

 

នៅរដ្ឋធានីវ៉ាស៊ីនតោន, លោកចូបៃដឹនបញ្ជាក់ថាលោកមិនទទួលស្គាល់ការបោះឆ្នោតប្រជាមតិ ហើយមិនទទួលស្គាល់ការដាក់បញ្ចូលតំបន់ទាំងនេះជាទឹកដីរបស់រុស្ស៊ី។ ចំណែកអ្នកនាំពាក្យជប៉ុនថ្លែងថាទង្វើរបស់រុស្ស៊ីមិនអាចអនុគ្រោះជាដាច់ខាត។ ទីក្រុងតូក្យូនឹងសហការជាមួយក្រុមប្រទេសជី៧ដើម្បីចាត់វិធានការឆ្លើយតបដោយម៉ឺងម៉ាត។

 

 

 

 

នៅទីក្រុងកៀវ លោកហ្សឺលែនស្គីបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រុមប្រឹក្សាការពារជាតិ ជាបន្ទាន់ ដើម្បីត្រៀមទប់ទល់នឹងលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសរុស្ស៊ី។

 

ថ្មីៗនេះ លោកពូទីនទើបតែប្រកាសថាលោកនឹងការពារតំបន់ទាំងនេះជាដាច់ខាត ទោះបីត្រូវប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោកនឹងយកសំណើនេះដាក់ជូនរដ្ឋសភាដើម្បីពិនិត្យ និងអនុម័តការដាក់បញ្ចូលតំបន់ទាំង៤ជាទឹកដីរបស់រុស្ស៊ីយ៉ាងយូរបំផុតត្រឹមថ្ងៃទី៧ ខែតុលា៕

 

 

 

ប្រែសម្រួល៖អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024