ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ស្ថាប័នពាក់ព័ន្ធថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ កាន់តែអាក្រក់ទៅៗ

០១ តុលា ២០២២ | ព័ត៌មានជាតិ



ការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យា អ៊ីនធឺណេត និងទូរសព្ទស្មាតហ្វូន នាំមកនូវផលប្រយោជន៍ច្រើន។ ប៉ុន្តែវាក៏ធ្វើឱ្យកុមារងាយរងគ្រោះពីការរំលោភបំពានផ្សេងៗ ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញផងដែរ។ ហេតុនេះ ស្ថាប័នពាក់ព័ន្ធ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល អាជ្ញាធរ និងកុមារខ្លួនឯងផង ត្រូវបង្កើនការប្រុងប្រយ័ត្ន។

 


ប្រព័ន្ធបច្ចេកវិទ្យា អ៊ីនធឺណេត និងឌីជីថល នាំមកនូវគុណប្រយោជន៍យ៉ាងច្រើនសម្រាប់កុមារ ប៉ុន្តែវាក៏បាននាំមកនូវផលអវិជ្ជមានច្រើនណាស់ដែរ ជាពិសេសការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ។ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ  គឺជាបញ្ហាសកល  ហើយល្បិចកល និងអំពើ នៃការរំលោភបំពានរបស់ជនល្មើស កាន់តែស្មុគស្មាញ និងអាក្រក់ទៅៗ ដោយការប្រើគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងកម្មវិធីទូរស័ព្ទដៃវៃឆ្លាតនានា ។

 

 

កុមាររងគ្រោះពីការកេងប្រវ័ញ្ចផ្លូវភេទ បន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្លូវកាយ និងផ្លូវចិត្ត គឺភាគច្រើន មានអារម្មណ៍ពិបាកទុកចិត្តអ្នកដទៃ អស់សង្ឈឹម បាក់ទឹកចិត្ត ឯកោ ច្របូកច្របល់ ខកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាច ។ ដូច្នេះទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងសាធារណជន មាតាបិតា អ្នកអាណាព្យាបាល អាជ្ញាធរ និងសង្គមស៊ីវិល ចាំបាច់ធ្វើការរួមគ្នា ដើម្បី ទប់ស្កាត់ និងការពារកុមារ ។

 


នេះគឺជាការលើកឡើងរបស់លោកជំទាវ ស៊ន សាបោន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ ថ្លែងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ នៃការសិក្សាស្រាវជ្រាវស្តីពីការបញ្ឈប់គ្រោះថ្នាក់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

 

 

លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានផ្តល់អនុសាសន៍៥ចំណុច មានជាអាទិ៍ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ បន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ លើកកម្ពស់ការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ លើកការការពារកុមារពីការកេងប្រវ័ញ្ចផ្លូវតាមប្រព័ន្ធអនឡាញ , ក្រសួងប្រៃសណីយ៍ និងទូរទគមនាគមន៍ គ្រប់គ្រងឱ្យបានហ្មត់ចត់ទៅលើបណ្តាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណេត , គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូជាតិអន្តរជាតិ ជំរុញ និងលើកកម្ពស់ការយល់ដឹងអំពីព័ត៌មានសង្គមដល់មាតាបិតា អ្នកអាណាព្យាបាល និងអ្នកដែលមានទំនាក់ទំនងជាមួយកុមារ អំពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត គ្រោះថ្នាក់ដែលកើតមានចំពោះកុមារតាមប្រព័ន្ធអ៊ីនធឺណេត និងរបៀបបង្ការ និងជំរុញឱ្យក្រុមហ៊ុនដែលផ្តល់សេវាអ៊ីនធឺណេត ប្រើប្រាស់ឧបករណ៍ចែកចាយអ៊ីនធឺណេតដែលមានសុវត្ថិភាពចំពោះកុមារ ៕
 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024