ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

OPEC គ្រោងកាត់បន្ថយផលិតកម្មប្រេងបន្ថែម ខណៈតម្លៃប្រេងឆៅសកល ហាក់នៅនឹងនរ

៣០ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

ប្រភពសារព័ត៌មាន Reuters បានឱ្យដឹងថា ជាក់ស្តែងទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate និងទីផ្សារប្រេងឆៅអង់គ្លេស Brent Crude បានធ្លាក់ចុះពីកម្រិតខ្ពស់ជាង ១២០ដុល្លារអាមេរិកក្នុងមួយបារ៉ែលក្នុង ខែមិថុនា មកប្រហែល ៩០ដុល្លារអាមេរិកក្នុងមួយបារ៉ែលវិញ នៅចុងខែកញ្ញានេះ។


គិតត្រឹមថ្ងៃទី ៣០ ខែកញ្ញានេះ ទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate មានតម្លៃជាង ៨១ដុល្លារក្នុងមួយបារ៉ែល កើនឡើងប្រមាណ ៦% ខណៈទីផ្សារប្រេងឆៅ Brent របស់អង់គ្លេស មានតម្លៃជាង ៨៨ដុល្លារក្នុងមួយបារ៉ែល កើនឡើង ២%។

 


ទោះបីជាមានការកើនឡើងនៅចុងខែកញ្ញាក្តី បើគិតពេញមួយខែកញ្ញាតែម្តង តម្លៃទីផ្សារប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ ៩% ហើយតម្លៃទីផ្សារប្រេងឆៅអង់គ្លេស Brent Crude ក៏ធ្លាក់ចុះ ៨% ផងដែរ។

 


ប្រភពបី មិនបង្ហាញអត្តសញ្ញាណ បានប្រាប់ Reuters ថា សមាជិកនាំមុខគេនៃអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តដែលដឹកនាំដោយរុស្ស៊ី រួមគ្នាហៅថា OPEC+ បានចាប់ផ្តើមពិភាក្សាអំពី ការកាត់បន្ថយទិន្នផលមុនពេលកិច្ចប្រជុំរបស់ពួកគេ។

 


ក្នុងនោះ មានប្រភពមួយបានអះអាងថា រុស្ស៊ី អាចនឹងស្នើឲ្យកាត់បន្ថយទិន្នផលប្រេងរហូតដល់ ១លានបារ៉ែលក្នុងមួយថ្ងៃ។ក្រុមអ្នកវិភាគ បាននិយាយថា ទីផ្សារប្រេង ហាក់ដូចជាបានរកឃើញទីលំនឹងមួយ ដោយការផ្គត់ផ្គង់ប្រេងនឹងកាន់តែរឹតបន្តឹង ខណៈដែលសហភាពអឺរ៉ុប នឹងហាមប្រាមការនាំចូលប្រេងពី រុស្ស៊ី ចាប់ពីថ្ងៃទី ៥ ខែធ្នូ។

 


ទោះជាយ៉ាងណាក៏ដោយ ចំណុចសំខាន់ដែលមិនទាន់ដឹងគឺថា តើតម្រូវការនឹងធ្លាក់ចុះប៉ុន្មាន នៅពេលដែលកំណើនសេដ្ឋកិច្ចពិភពលោក ធ្លាក់ចុះ ពេលប្រឈមមុខនឹងឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ នៅជុំវិញសកលលោក៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024