ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កោតសរសើរស្ថាប័ន អង្គភាពស៊ីវិល និងសប្បុរសជន ដែលខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាព ជាមួយកងយោធពលខេមរភូមិន្ទ

៣០ កញ្ញា ២០២២ | ព័ត៌មានជាតិ



កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលការងារសម្ព័ន្ធមេត្រីភាព ឆ្នាំ២០២១ ឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅ បន្តរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័នអង្គភាពស៊ីវិល។ សិក្ខាសាលានេះ បានប្រារព្ធពិធីបើក ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការពារជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នអង្គភាពស៊ីវិល និងតំណាងក្រុមហ៊ុនឯកជនផងដែរ។ 

 


ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលានាព្រឹកមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងសម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គភាពទ័ព ក្រសួង-ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនទាំងអស់ ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំអនុវត្តកិច្ចការសម្ព័ន្ធមេត្រីភាព សម្រេចបានលទ្ធផលល្អប្រសើរជាមួយកងយោធពលខេមរភូមិន្ទ។


   


ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះបីមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ដូចជាវិបត្តិនៃជំងឺកូវីដ-១៩ ជាដើម ក៏ស្ថាប័ន-អង្គភាពស៊ីវិលស្ទើរទាំងអស់ពិតជា បានពុះពារជម្នះការលំបាកដោយខិតខំបន្តរក្សាការប្រាស័យទាក់ទង និងជួយឧបត្ថម្ភដល់អង្គភាពកងទ័ពជាប់ជាប្រចាំ ។

 

 

ការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ បានស្តែងឱ្យឃើញអំពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ក្រុមការងារសម្របសម្រួលកិច្ចការសម្ព័ន្ធមេត្រីភាពរវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល នៅក្នុងការពង្រឹងប្រសិទ្ធភាពនៃការងារសម្ព័ន្ធមេត្រីភាពតាមរយៈការរៀបចំឱ្យមានការជួបប្រជុំពិភាក្សាចែករំលែក និងផ្លាស់ប្តូរមតិយោបល់ ដើម្បីធ្វើការបូកសរុបវាយតម្លៃចំពោះបទពិសោធន៍ និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ដោយរកឱ្យឃើញចំណុចខ្លាំង-ខ្សោយ ការលំបាក និងបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅ និងឆ្លើយតបឱ្យបានត្រូវនឹងតម្រូវការចាំបាច់ជាក់ស្តែងរបស់អង្គភាពទ័ព។

 


  
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវលើកទឹកចិត្តឱ្យ ក្រសួង-ស្ថាប័នស៊ីវិល ក្រុមហ៊ុន និងសប្បុរសជនទាំងអស់បន្តចូលរួមចំណែកអនុវត្តកាតព្វកិច្ចការពារជាតិរបស់ពលរដ្ឋ ដោយឈរលើមូលដ្ឋាននៃខឿនការពារជាតិរបស់ប្រជាជននេះ ឱ្យបានសកម្មបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍកងយោធពលខេមរភូមិន្ទ បម្រើឱ្យគុណប្រយោជន៍ និងយុទ្ធសាស្ត្រយូរអង្វែងនៃកិច្ចការពារជាតិ។

 

 

គួរបញ្ជាក់ថា ការងារសម្ព័ន្ធមេត្រីភាពរវាងអង្គភាព នៃកងយោធពលខេមរភូមិន្ទជាមួយស្ថាប័ន-អង្គភាពស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ហើយ យន្តការមួយនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងពង្រឹងខឿនការពារជាតិកម្ពុជាឱ្យបានកាន់តែរឹងមាំ។ សម្រាប់ការងារសម្ព័ន្ធមេត្រីភាពនេះ តាមរយៈ ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងសប្បុរសជននានា បានចុះសួរសុខទុក្ខ និងចូលរួមកម្មវិធីផ្សេងៗ និង បាននាំយកជាមួយនូវអំណោយគ្រឿងឧបភោគ បរិភោគ សម្ភារ មធ្យោបាយ ថវិកាជួយដល់កងទ័ព ដែលជាកាយវិការរួមចំណែកប្រកបដោយសមធម៌ ដែល មិន អាចខ្វះបានពីសំណាក់ដៃគូរសម្ព័ន្ធមេត្រីភាព ជួយសម្រាលការខ្វះខាតដល់កងយោធពលខេមរភូមិន្ទ៕
 

 

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023