ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញ ជឿជាក់ថា ព្យុះណូរុនៅវៀតណាម ទំនងជាមិនប៉ះពាល់ដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មកម្ពុជា-វៀតណាម

២៩ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

 

ឆ្លើយតបទៅនឹងបញ្ហាព្យុះទីហ្វុង ណូរុ ដែលកំពុងកើតមាននៅប្រទេសវៀតណាម លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានពន្យល់ប្រាប់ដល់ ភីអិនអិនថា ត្បិតតែលោកមិនមែនជាអ្នកជំនាញផ្ទាល់ទាក់ទងនឹងបញ្ហានេះ តែតាមការមើលឃើញជាក់ស្តែងថា ព្យុះនេះ ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយដល់ វិស័យដឹកជញ្ជូន ក៏ដូចជាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាមឡើយ។


ជាមួយគ្នា លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ប្រាប់ភីអិនអិនថា ករណីព្យុះទីហ្វុងនៅក្នុងប្រទេសវៀតណាម ជាករណីប្រធានសក្តិដែលអាចបណ្តាលឱ្យមានភាពរអាក់រអួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកដែលស្ថិតចំទិសខ្យល់ តែជាទូទៅ គឺមិនប៉ះពាល់ធ្ងន់ធ្ងរណាមួយដល់ ពាណិជ្ជកម្មរវាងប្រទេសទាំង ២នោះទេ។


បើយោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម សម្រេចបានជាង ៤ពាន់ ២រយលានដុល្លារអាមេរិក ដែលតួលេខនេះ មានការកើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

 


អគ្គនាយកដ្ឋានគយកម្ពុជា បន្តថា ក្នុងរយៈពេល ៨ខែដំបូង ដើមឆ្នាំ ២០២២នេះ ការនាំចេញទំនិញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រេចបានជាង ១ពាន់ ៤រយលានដុល្លារអាមេរិក ដែលមានការកើនឡើង ៣% ហើយយើងដឹងថា ទំនិញនាំចេញរបស់កម្ពុជា ភាគច្រើនជា ប្រភេទស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម។

 


ដោយឡែក ការនាំចូលទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសកម្ពុជា វិញ សម្រេចបានជាង ២ពាន់ ៧រយលានដុល្លារអាមេរិក កើនឡើង ៣៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១ ខណៈទំនិញទំាងនោះភាគច្រើនជា ដែកថែប ប្រេង វាយនភណ្ឌ ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើជាដើម។

 


ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ លោកឧកញ៉ា ស៊ិន ចន្ធី សម្តែងការអបអរសាទរ ដែលទំហំពាណិជ្ជកម្មបន្តកើនឡើងជាលំដាប់ ហើយសង្ឃឹមថា តួលេខនេះ នឹងបន្តកើនឡើងទៀត ដោយសារប្រទេសទាំង ២ មានព្រំប្រទល់ជាប់គ្នាប្រមាណជាង ១ពាន់គីឡូម៉ែត្រ ដែលអំណោយផលដល់វិស័យដឹកជញ្ជូន ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

 


បើតាមអគ្គនាយកដ្ឋានគយវៀតណាម បានលើកឡើងថា ប្រទេសកម្ពុជា គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី ៣ របស់វៀតណាម ឈរពីក្រោយប្រទេសថៃ និងសិង្ហបុរី។
សូមរម្លឹកបន្តិចថា កាលពីឆ្នាំ ២០២១កន្លងទៅ ទំហំពាណិជ្ជកម្ពុជា និងវៀតណាម សម្រេចបានជិត ៩ពាន់ដុល្លារអាមេរិក ដោយការនាំចេញទំនិញពីប្រទេសវៀតណាម ចូលមក កម្ពុជា មានជាង ៧៨៤លានដុល្លារអាមេរិក ហើយការនាំចេញពី កម្ពុជា ទៅកាន់វៀតណាម វិញ មានជាង ៧៣០លានដុល្លារអាមេរិក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024