ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ធនគារកណ្តាលថៃ ដំឡើងអត្រាការប្រាក់ម្តងទៀត ទប់ទល់អតិផរណា

២៩ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

 

 

ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចថៃ ដែលជាសេដ្ឋកិច្ចធំទី ២ របស់អាស៊ីអាគ្នេយ៍ បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសផ្សេងទៀតមានភាពរអាក់រអួល ដោយសារវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួន ទើបតែចាប់ផ្តើមងើបឡើងវិញ ខណៈដែលការវិនិយោគមកកាន់ប្រទេសថៃ នៅតែមានភាពយឺតយ៉ាវ ដូច្នេះហើយទើប ធនាគារកណ្តាលថៃ ដំណើរការដំឡើងអត្រាការប្រាក់សន្សឹមៗ បើទោះបីជា បណ្តាប្រទេសជិតខាងដំឡើងអត្រាយ៉ាងខ្ពស់ក៏ដោយ។

 


គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ ធនាគារកណ្តាលថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីបង្កើនអត្រានៃការទិញត្រលប់ ក្នុងរយៈពេលមួយថ្ងៃពី ០,២៥% ទៅ ១%។ធនាគារកណ្តាលថៃ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ថៃ បានបន្តកើនឡើង ដែលជំរុញភាគច្រើនដោយទេសចរណ៍ និងការប្រើប្រាស់ឯកជន ហើយទស្សនវិស័យកំណើនសេដ្ឋកិច្ច និងអតិផរណាទាំងមូល គឺស្របជាមួយនឹងការវាយតម្លៃពីមុន។

 


ធនាគារកណ្តាលថៃ បានរក្សានូវទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ខ្លួនត្រឹម ៣,៣% ដែលព្យាករណ៍ក្នុងខែមិថុនា ទោះយ៉ាងណាធនាគារ បានកាត់បន្ថយការព្យាករណ៍កំណើនរបស់ខ្លួននៅឆ្នាំ ២០២៣ មកត្រឹម ៣,៨% ធ្លាក់ចុះពី ៤,២%។

 


ជាមួយគ្នានេះ ធនាគារ បានបង្កើនការព្យាករណ៍អតិផរណាឆ្នាំ ២០២២ របស់ខ្លួនដល់ ៦,៣% ហើយថយចុះមកវិញ ក្នុងឆ្នាំ ២០២៣ ដល់ ២,៦%។ សូមជម្រាបថា គោលដៅរបស់ធនាគារកណ្តាលថៃ គឺដើម្បីធានាឱ្យមានការងើបឡើងវិញដោយរលូនសម្រាប់សេដ្ឋកិច្ច ដែលរំពឹងថា នឹងត្រលប់ទៅកម្រិតមុនការរាតត្បាតនៃជម្ងឺកូវីដ១៩នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024