ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
បុរសសង្ហាលោក ស៊ឹម សុភ័ណ្ឌ បានប្រលូកក្នុងសិល្បៈជាង ១០ ឆ្នាំមកហើយ ទើបតែមានឱកាសចូលរួមសម្តែងនៅក្នុងភាពយន្តខ្នាតធំមួយ និងរឿងប្រវត្តិសាស្រ្តមួយ ដែលត្រៀមនឹងដាក់បញ្ចាំងនៅក្នុងដើមឆ្នាំ ២០២៣ ខាងមុខ ។
ជាង ១០ ឆ្នាំក្នុងសិល្បៈ លោក ស៊ឹម សុភ័ណ្ឌ ធ្លាប់ឆ្លងកាត់ការសម្តែងរាប់មិនអស់ទាំងតួឯក តួរង និងតួអមឆាក ប៉ុន្តែសម្រាប់ឆ្នាំ ២០២២ នេះលោក មានឱកាសបានចូលរួមសម្តែងក្នុងភាពយន្តខ្នាតធំមួយរបស់ផលិតកម្ម LD ព្រមទាំងបានចូលរួមសម្តែងនៅក្នុងរឿងប្រវត្តិសាស្រ្តរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ ។
តារាសម្តែងរូបនេះ ក៏ធ្លាប់លេចមុខក្នុងរឿងភាគរបស់ទូរទស្សន៍ ភីអិនអិន ក្នុងរឿងជាច្រើនផងដែរ ហើយស្នាដៃរបស់លោកនិមួយៗទទួលបានការសរសើរ និងការគាំទ្រច្រើនពីទស្សនិកជន ព្រោះលោកមិនត្រឹមតែមានរូបរាងស្រស់សង្ហាប៉ុណ្ណោះទេ ថែមទាំងមានទេពកោលស្យសម្តែងល្អដែលធ្វើឱ្យអ្នកដឹកនាំរឿងជាច្រើនស្រឡាញ់ពេញចិត្ត ។
សម្រាប់ឆ្នាំ ២០២២ នេះតារាសម្តែងខាងលើមានឱកាសបានចូលរួមសម្តែងនៅក្នុងរឿងប្រវត្តិសាស្រ្ត ខ្មែរ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរដែលមានចំណងជើងថា « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ។ នេះជាបទពិសោធថ្មីមួយដែលលោកមិនធ្លាប់ឆ្លងកាត់ពីមុនមក ។
ស្របពេលកំពុងថតរឿង « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » តារាសម្តែង ស៊ឹម សុភ័ណ្ឌ ក៏បានចូលរួមថតក្នុងភាពយន្តខ្នាតធំមួយមានចំណងជើងថា « ថ្នាក់ទី ១២ ង » របស់ផលិតកម្ម LD ដែលត្រៀមនឹងដាក់បញ្ចាំងនៅដើមឆ្នាំ ២០២៣ ។
ស្នាដៃថ្មីនេះ ស៊ឹម សុភ័ណ្ឌ ត្រូវបានអ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួឯក ខុសប្លែកពីសព្វដង តែទោះជាយ៉ាងណាក្តី ស៊ឹម សុភ័ណ្ឌ មិនដែលខ្វល់ពីរឿងតួឯក ឬតួរងនោះទេ សំខាន់ឱ្យតែនិយាយពីតម្លៃខ្លួនត្រូវគ្នា ។
តារាសម្តែង ស៊ឹម សុភ័ណ្ឌ សង្ឃឹមថា តាមរយៈស្នាដៃថ្មីរបស់ខ្លួនដែលត្រៀមនឹងដាក់បញ្ចាំងនៅដើមឆ្នាំ ២០២៣ ខាងមុននឹងធ្វើឱ្យលោកលេចមុខខ្លាំងក្នុងវិស័យសម្តែង បន្ទាប់ពីស្ងាត់ក្នុងវិស័យនេះអស់ជា ច្រើនឆ្នាំដោយសារបញ្ហាជំងឺ កូវីដ ១៩ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក