ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អង្គការ OECD៖ សេដ្ឋកិច្ចសកល មានកំណើនយឺតត្រឹម ២,២% ក្នុងឆ្នាំ ២០២៣

២៨ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

 

អង្គការ OECD បានពន្យល់បង្ហាញថា សេដ្ឋកិច្ចសកល ក្នុងឆមាសទី ២ ឆ្នាំ ២០២២នេះ នឹងបន្តភាពទន់ខ្សោយរបស់ខ្លួន ដោយសារការរឹតបន្តឹងជាទូទៅនៃ គោលនយោបាយរូបិយវត្ថុ ដែលត្រូវបានជំរុញដោយ ការកើនឡើងលើសការរំពឹងទុកនៃកម្រិតអតិផរណា។

 


កំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ត្រូវបានព្យាករថា នឹងធ្លាក់ចុះយ៉ាងខ្លាំងមកត្រឹម ០,៥% សម្រាប់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៣ និងត្រឹម ០,២៥% នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ ជាមួយនឹងហានិភ័យនៃ ការថយចុះទិន្នផលនៅក្នុងសេដ្ឋកិច្ចអឺរ៉ុបមួយចំនួនទៀត។

 


អង្គការនេះ បានកត់សម្គាល់ថា អតិផរណា បានក្លាយជាមូលដ្ឋានទូលំទូលាយនៅក្នុងសេដ្ឋកិច្ចជាច្រើន សូម្បីតែ ការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ជាពិសេសសម្រាប់ឧស្ម័ន គឺអាចកាត់បន្ថយកំណើននៅអឺរ៉ុប ជាង ១% នៅឆ្នាំ ២០២៣ និងបង្កើនអតិផរណានៅអឺរ៉ុបលើសពី ១%។ទោះយ៉ាងណា សម្រាប់មហាអំណាចសេដ្ឋកិច្ចចិន នៅតែបន្តមានអតិផរណាទាប និងមានស្ថេរភាពសេដ្ឋកិច្ច។

 


អង្គការ OECD ក៏បានទទួលស្គាល់ថា វដ្តសេដ្ឋកិច្ចពិភពលោកមានការផ្លាស់ប្តូរ អតិផរណាតម្លៃថាមពលនឹងបន្តធ្លាក់ចុះ ការរឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលសំខាន់ៗចាប់ផ្តើមបង្ហាញប្រសិទ្ធភាពកាន់តែខ្លាំងឡើង ដូច្នេះហើយ អតិផរណាតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្តិចម្តងៗ។
ជាចុងក្រោយ អង្គការ OECD នៅតែព្យាករណ៍ថា អតិផរណាប្រចាំឆ្នាំនៅឆ្នាំ ២០២៣ គឺនឹងនៅតែលើសពីគោលដៅកំណត់ ស្ទើរតែគ្រប់ទីកន្លែង ទូទាំងពិភពលោក៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024