ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ADB ត្រៀមជំនួយ ១៤ពាន់លានដុល្លារ ចូលរួមដោះស្រាយវិបត្តិស្បៀងអាហារ នៅអាស៊ីប៉ាស៊ីហ្វិក

២៨ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានចេញប្រកាសអំពីគម្រោងវិនិយោគយ៉ាងហោចណាស់ ១៤ពាន់លានដុល្លារអាមេរិក ចន្លោះឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥ នៅក្នុងកម្មវិធីមួយ ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារនៅអាស៊ី និងប៉ាស៊ីហ្វិក និងធ្វើឲ្យប្រសើរឡើងនូវ សន្តិសុខស្បៀង រយៈពេលវែង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃនេះ។


ប្រធាន ADB លោក ម៉ាសាតស៊ូគុ អាសាកាវ៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មានអនឡាញមួយថា តំបន់អាស៊ីប៉ាស៊ីហ្វិកឥឡូវនេះ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាការរឹតបន្តឹងរូបិយវត្ថុ ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។

 


អសន្តិសុខស្បៀង គឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនៃបញ្ហាប្រឈមទាំងនេះ ព្រោះវាប៉ះពាល់ដល់ប្រទេសទាំងអស់ ទាំងអ្នកមាន និងអ្នកក្រ ដូច្នេះ ADB បានសម្រេចចិត្តបង្កើនការផ្តល់ជំនួយរបស់ខ្លួន សម្រាប់សន្តិសុខស្បៀងក្នុងតំបន់ ដែលមនុស្សជាង ១ពាន់លាននាក់ ខ្វះរបបអាហារដែលមានសុខភាពល្អ ដោយសារតែភាពក្រីក្រ និងការកើនឡើងតម្លៃស្បៀងនៅឆ្នាំនេះ។

 


ប្រធាន ADB បានបន្តថា មូលនិធិនេះ នឹងចាក់បញ្ចូលទៅក្នុង គម្រោងដែលមានស្រាប់ និងគម្រោងថ្មីនៅក្នុងធាតុចូលកសិកម្ម ការផលិតនិងការចែកចាយស្បៀង ការការពារសង្គម ប្រព័ន្ធធារាសាស្រ្ត និងការគ្រប់គ្រងធនធានទឹក ក៏ដូចជាគម្រោងដែលប្រើប្រាស់ដំណោះស្រាយផ្អែកលើធម្មជាតិ។ទន្ទឹមនឹងនោះ ADB នឹងបន្តវិនិយោគលើ សកម្មភាពទាក់ទងនឹងសន្តិសុខស្បៀងផ្សេងទៀត ដូចជា ការផ្លាស់ប្តូរថាមពល ការដឹកជញ្ជូន លទ្ធភាពទទួលបានហិរញ្ញវត្ថុរបស់ប្រជាជនជនបទ ការគ្រប់គ្រងបរិស្ថាន សុខភាព និងការអប់រំ។

 


លោក អាសាកាវ៉ា បានកត់សម្គាល់ថា ការលុកលុយរបស់រុស្ស៊ីលើ អ៊ុយក្រែន បានបង្អាក់ការផ្គត់ផ្គង់ស្បៀងអាហារ និងជី ដោយធ្វើឱ្យមានភាពតានតឹងបន្ថែមលើ ប្រព័ន្ធស្បៀងអាហារពិភពលោក ដែលចុះខ្សោយរួចជាស្រេច ដោយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ភាពរអាក់រអួលនៃការផ្គត់ផ្គង់ដែលទាក់ទងនឹងជំងឺរាតត្បាត។
ចាប់តាំងពីឆ្នាំ ២០០៨មក ADB បានបណ្តាក់ទុនចំនួន ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ក្នុងវិស័យសន្តិសុខស្បៀង ហើយសន្តិសុខស្បៀងត្រូវបានកំណត់ថា ជាអាទិភាពប្រតិបត្តិការដ៏សំខាន់ដោយ ADB ក្នុងឆ្នាំ ២០១៨។

 


គួរបញ្ជាក់ថា ADB បានទម្លាក់ការព្យាករណ៍កំណើនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ឆ្នាំ ២០២២ ត្រឹម ៤,៣% និង ៤,៩% នៅឆ្នាំ ២០២៣ ដោយសារតែសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត ការរឹតបន្តឹងរូបិយវត្ថុខ្លាំងជាងការរំពឹងទុក ការធ្លាក់ចុះនៃអត្រាប្តូរប្រាក់ និងអស្ថិរភាពហិរញ្ញវត្ថុ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024