ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣

ពលរដ្ឋកាន់តែច្រើនធ្វើដំណើរចេញពីរុស្ស៊ីទៅហ្វាំងឡង់ក្រោយVladimir Putinប្រកាសកេណ្ឌទ័ព

២៣ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

អាជ្ញាធរនៃប្រទេសFinland (ហ្វាំងឡង់)នៅថ្ងៃព្រហស្បតិ៍(២២កញ្ញា) បានលើកឡើងថា ហ្វាំងឡង់កំពុងពិចារណាហាមឃាត់ពលរដ្ឋរុស្ស៊ីយ៉ាងច្រើនមិនអោយ ចូលប្រទេសហ្វាំងឡង់ ដោយសារការធ្វើដំណើរចាកចេញរបស់ពួកគេពីប្រទេសរុស្ស៊ីមានការកើនឡើងខ្លាំង ក្រោយពីលោកVladimir Putin ប្រធានាធិបតីរុស្ស៊ី ចេញបញ្ជាកេណ្ឌទ័ព៣០០,០០០នាក់ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។

 

 

 

 

អ្នកសារព័ត៌មានពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅតំបន់ព្រំដែន បានឃើញរថយន្តជាច្រើនគ្រឿងចតបន្តគ្នាយ៉ាងវែងរង់ចាំឆ្លងដែនចូលប្រទេសហ្វាំងឡង់ ហើយលោកស្រី Sanna Marin នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់បានលើកឡើងថា រដ្ឋាភិបាលរបស់លោកស្រីកំពុងពិចារណាវិធីកាត់បន្ថយមិនអោយ ពលរដ្ឋរុស្ស៊ី ឆ្លងដែនកាត់ប្រទេសហ្វាំងឡង់ ឆ្ពោះទៅបណ្តាប្រទេសសហភាពអ៊ឺរ៉ុបផ្សេងទៀត។

 

មន្ត្រីព្រំដែនប្រទេសហ្វាំងឡង់មួយរូបបានផ្តល់​​បទសម្ភាសន៍ដល់សារព័ត៌មានថា ដរាបណាពលរដ្ឋរុស្ស៊ីមានឯកសារឆ្លងដែនគ្រប់គ្រាន់ពួកគេនៅអាចឆ្លងដែនបាន ហើយការឆ្លងដែនមានការកើនឡើងខ្លាំង ក្រោយមានការប្រកាសអំពីការកេណ្ឌទ័ព។

 

លោក Raman Kusnitsov  ពាណិជ្ជករជនជាតិរុស្ស៊ី បានផ្តល់បទសម្ភាសន៍ថា លោកត្រូវធ្វើដំណើរទៅប្រទេសអេស្ប៉ាញ ដើម្បីកិច្ចប្រជុំពាណិជ្ជកម្ម ហើយថា មិនមានភាពច្បាស់លាស់ឡើយក្រោយរុស្ស៊ីប្រកាសកេណ្ឌទ័ព។ 

 

ជាមួយគ្នា អ្នកដំណើរផ្សេងទៀតដែលប្រាប់ត្រឹមតែឈ្មោះ Nikita  បានសារភាពថា លោកបារម្ភថា លោកអាចនឹងត្រូវកេណ្ឌចូលទ័ពហើយបញ្ជូនទៅធ្វើសង្គ្រាម។

 

ព្រំដែនរបស់ប្រទេសហ្វាំងឡង់ជាមួយនិងប្រទេសរុស្ស៊ីមានជាង១៣០០គីឡូម៉ែត្រដែលនេះជាព្រំដែនវែងបំផុតក្នុងតំបន់សហភាពអ៊ឺរ៉ុប។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2023