ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
និយ័តករសន្តិសុខសង្គម បានរៀបចំសិក្ខាសាលា ស្តីពី និយ័តកម្មប្រព័ន្ធសន្តិសុខសង្គមកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញានេះ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ បានធ្វើឡើង ខណៈប្រព័ន្ធនេះ ត្រូវបានបង្កើតរយៈពេលយូរដែរហើយ ប៉ុន្តែប្រជាពលរដ្ឋ នៅមិនទាន់បានស្គាល់ និងយល់ដឹងពីអត្ថប្រយោជន៍របស់វា បានទូលំទូលាយនៅឡើយ។
នៅព្រឹកថ្ងៃទី ២២កញ្ញានេះ និយ័តករសន្តិសុខសង្គម បានបើកសិក្ខាសាលា ស្តីពី «និយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា» ដែលសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង បង្កើនការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋអំពីប្រព័ន្ធសន្តិសុខសង្គម បើទោះបីជាប្រព័ន្ធនេះត្រូវបានបង្កើតឡើងយូរហើយក៏នៅតែមិនទាន់មានការយល់ដឹងបានទូលំទូលាយនៅឡើយ។
ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គមបានលើកឡើងថា ប្រព័ន្ធសន្តិសុខសង្គមគឺជាប្រព័ន្ធការពារដ៏សំខាន់មួយ និងជាការសន្យារបស់រាជរដ្ឋាភិបាលក្នុងការមើលខុសត្រូវទៅលើប្រជាជនរបស់ខ្លួន។ តាមរយៈប្រព័ន្ធការពារសង្គមនេះ ពលរដ្ឋក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនត្រឡប់មកវិញ ជាក់ស្តែងដូចជាអ្នកដែលមានប័ណ្ធ ប.ស.ស ដែលអាចប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងជួយកាត់បន្ថយការចំណាយរបស់ពួកគេទៅលើថ្លៃសេវាសុខាភិបាលផង។
ប្រព័ន្ធសន្តិសុខសង្គម គឺជាប្រព័ន្ធមួយដែលត្រូវបានបង្កើតឡើងដើម្បីធានាដល់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ តាមរយៈការបង់ភាគទានរបស់ពួកគេ និងនិយោជករបស់ពួកគេផ្ទាល់។
ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាត្រូវបានបែងចែកជា ២ប្រភេទ គឺប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមច្បាប់ការងារ ឬវិស័យឯកជន និងប្រព័ន្ធសន្តិសុខសង្គមផ្នែកមន្ត្រីរាជការ និងបុគ្គលទាំងឡាយណាដែលស្ថិតនៅក្នុងប្រព័ន្ធសាធារណៈ។
ឯកឧត្តមក៏បានលើកឡើងបន្ថែមថា តាមរយៈប្រព័ន្ធសន្តិសុខសង្គមនេះដែរ គឺជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលកន្លងមករាជរដ្ឋាភិបាលបានតាំងចិត្តថា នឹងផ្តល់កិច្ចគាំពារសម្រាប់កម្មករនិយោជិតនៅពេលពួកគេចូលនិវត្តន៍។ ហើយការផ្តល់ជូនក៏មានការពន្យាពេលខ្លះដែរ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប៉ុន្តែបច្ចុប្បន្នការសន្យារបស់រាជរដ្ឋាភិបាលគឺកំពុងតែដាក់អនុវត្តន៍ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋនៅទូទាំងប្រទេសផងដែរ៕
អត្ថបទ៖ អ៊ីសា ហាសាណះ រូបភាព៖ និន សុខលី