ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មន្ត្រី សូមឱ្យមាតាបិតា បញ្ជូនកូនគ-ថ្លង់ ទៅសាលាឱ្យបានគ្រប់គ្នា និងរកការងារធ្វើ

២៣ កញ្ញា ២០២២ | ព័ត៌មានជាតិ

 


មន្ត្រីជាន់ខ្ពស់វិស័យពិការភាព បានផ្ញើសារ ដោយសំណូមពរដល់មាតាបិតាអ្នកអាណាព្យាបាល ដែលមានកូនពិការភាពគ-ថ្លង់ មេត្តាកុំស្ទាក់ស្ទើរ ត្រូវបញ្ជូនពួកគេ ទៅសាលារៀនឱ្យបានគ្រប់ៗគ្នា ព្រោះកុមារគ-ថ្លង់ ក៏អាចបណ្តុះបណ្តាលអប់រំបាន ដូចកុមារដទៃដែរ។

 


សូមមាបិតា និងអ្នកអាណាព្យាបាលទាំងអស់កុំស្ទាក់ស្ទើរ មេត្តាបញ្ជូនកុមារដែលមានពិការភាពគ-ថ្លង់ ទៅសាលាឱ្យបានគ្រប់ៗគ្នា ព្រោះកុមារគ-ថ្លង់ ក៏មិនខុសពីកុមារដទៃទៀតដែរ គឺមានសិទ្ធិទទួលបានការអប់រំ ហើយនៅពេលពួកគេទទួលបានការអប់រំហើយនោះ ពួកគេក៏នឹងមានឱកាសដូចអ្នកដទៃដែរ គឺនឹងងាយការងារធ្វើ ក៏ដូចជាបង្កើតមុខរបរដោយខ្លួនឯង ដែលប្រការនេះមិនគ្រាន់តែជាការជួយខ្លួនឯងប៉ុណ្ណោះទេ ក៏បានសេចក្តីថា គឺជាការចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ ។

 

 

ទុយទៅវិញ ប្រសិនបើពួកគេមិនទទួលបានការអប់រំ ពួកគេនឹងក្លាយជាបន្ទុករបស់គ្រួសារ ក៏ដូចជាសង្គមជាតិ ។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ឯម ចន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជា និងអន្តរជាតិ នាថ្ងៃទៅ២២ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រោមប្រធានបទ បង្កើនគុណភាពជីវិតសម្រាប់មនុស្ស គ-ថ្លង់ ។

 


សូមជម្រាបជូនថា នៅលើពិភពលោក ទិវាមនុស្សគ-ថ្លង់ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៥៨ មកម្ល៉េះ។ ដោយឡែក នៅកម្ពុជា ទិវាមនុស្សគថ្លង់នេះ ត្រូវបានរៀបចំឡើងក្នុងកម្រិតថ្នាក់ជាតិ ចាប់តាំងពីឆ្នាំ២០១៣ ដែលជាការទទួលស្គាល់ពីសារសំខាន់ នៃការប្រើប្រាស់ភាសាសញ្ញា និងជាទិសដៅឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសគឺជាការបំពេញតាមការសន្យារបស់រដ្ឋជាភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងស្របតាមទិសស្លោក មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក ។

 

 

ទិវានេះ ផ្តល់ឱកាសដើម្បីគាំទ្រ និងការពារអត្តសញ្ញាណភាសាសញ្ញា និងភាពចម្រុះ នៃវប្បធម៌របស់អ្នកប្រើប្រាស់ភាសាសញ្ញាទាំងនៅកម្ពុជា និងនៅលើពិភពលោក។ភាសាសញ្ញា គឺជាមធ្យោបាយដ៏សំខាន់សម្រាប់មនុស្សគ-ថ្លង់ ដើម្បីបង្ហាញពីខ្លួនឯង ភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងចូលរួមក្នុងគ្រប់វិស័យ នៃសេដ្ឋកិច្ច សង្គម វប្បធម៌ និងនយោបាយ។

 

 

ការប្រើប្រាស់ភាសាសញ្ញា ក៏មានសារសំខាន់ផងដែរ ក្នុងការធានាការទទួលបានព័ត៌មាន និងការទទួលបាននូវសេវាកម្មនានា រាប់បញ្ចូលទាំងក្នុងគ្រាមានអាសន្ន ដែលជាការបំពេញនូវសិទ្ធិសម្រាប់មនុស្សគ-ថ្លង់ជាង ៧០លាននាក់ នៅជុំវិញពិភពលោក។ ឯកឧត្តម ឯម ចន្ទមករា បានបន្ថែមថា មនុស្សគ-ថ្លង់ អាចចំណាយជីវិតដ៏មានន័យរបស់ពួកគេបានដោយសារប្រើប្រាស់ភាសាសញ្ញា សម្រាប់ទទួលបានការអប់រំ ការងារ ការចូលរួមក្នុងនយោបាយ និងនៅគ្រប់សកម្មភាពផ្សេងៗទៀត នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024