ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

របាយការណ៍អង្កេតកសិកម្ម៖ ពលរដ្ឋកម្ពុជាជាង ២លានគ្រួសារ ប្រកបរបរដាំដំណាំកសិកម្ម និងដាំដំណាំស្រូវ ជាដំណាំចម្បង

២៣ កញ្ញា ២០២២ | ព័ត៌មានជាតិ

 

របាយការណ៍ ស្តីពី ការអង្កេតកសិកម្ម បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាជាង ២លានគ្រួសារ ក្នុងចំណោមពលរដ្ឋជាង ៣លាន ៥សែនគ្រួសារ នៅទូទាំងប្រទេសកម្ពុជា បានប្រកបរបរដាំដំណាំកសិកម្ម ហើយជ្រើសរើសការដាំដំណាំស្រូវ ជាដំណាំចម្បង។ របាយការណ៍ថ្មី ចុងក្រោយ ស្ដីពី អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០ ត្រូវបានប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះ។

 


បន្ទាប់ពីធ្វើការអង្កេតចន្លោះជំរឿនកសិកម្ម ឆ្នាំ២០១៩ លើកទី១ រួចមក   អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO) វិទ្យាស្ថានជាតិស្ថិតិ( NIS) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ (MAFF ) បានសហការគ្នាធ្វើការអង្កេតកសិកម្មឆ្នាំ២០២០។ ក្នុងការអង្កេតថ្នាក់ជាតិនេះ ភាគីពាក់ព័ន្ធ គឺបានប្រមូលព័ត៌មានទាក់ទងការដាំដុះដំណាំ ការចិញ្ចឹមបសុសត្វ បសុបក្សី វារីវប្បកម្ម និងនេសាទ អសន្ដិសុខស្បៀង រួមទាំងផល ប៉ះពាល់ដល់វិស័យកសិកម្មដោយសារជំងឺរាតត្បាតបញ្ហាកូវីដ-១៩ របស់ប្រជាពលឹរដ្ឋ ដើម្បីធ្វើការចងក្រង ។

 


ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ចុងក្រោយស្ដីពីអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០ ដែល បានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃព្រហស្បត្តិ៍នេះ លោកជំទាវ ហង់ លីណា  ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកវិទ្យា ស្ថានជាតិស្ថិតិក្រសួងផែនការ បានឱ្យដឹងបន្ថែមថា មានពលរដ្ឋកម្ពុជាជាង ២លានគ្រួសារប្រកបរបរដាំដំណាំកសិកម្ម នៅទូទាំង២៥ រាជធានី-ខេត្ត ។

 


បន្ថែមលើនេះ តាមការរកឃើញក្នុងរបាយការណ៍ចុងក្រោយស្ដីពីអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២០   ក្នុងចំណោមដំណាំចម្បង ៤ប្រភេទ ដែលមានពលរដ្ឋកសិករដាំច្រើនជាងគេ គឺ ដំណាំស្រូវ ដែលជាដំណាំពេញនិយមទីមួយ  និងទទួលបានទិន្នផលខ្ពស់។

 


ជុំវិញរឿងនេះដែរ លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃ អង្គការសហប្រជាជាតិប្រចាំកម្ពុជា( FAOR ) បានលើកឡើងថា ក្នុងនាមជាដៃគូរអភិវឌ្ឍន៍ លោកស្រីមើលឃើញថាការអង្កេតកសិកម្មប្រចាំឆ្នាំនេះ មានសារៈសំខាន់ ដែលអាចឆ្លុះ បញ្ចាំងអំពី ស្ថានភាពកសិកម្មនៅកម្ពុជា ដែលមានទាំងកសិកម្មគ្រួសារ ហើយនិង កសិកម្មមិនមែនគ្រួសារ ។ ជាងនេះ របាយការណ៍ដែលបានផ្សព្វផ្សានេះ ក៏នឹង ផ្ដល់ជាគោលនយោបាយកសិកម្ម និងជំនួយស្មារតី ដល់អ្នកស្រាវជ្រាវមួយចំនួន ដើម្បីយកទិន្នន័យទៅប្រើប្រាស់ផងដែរ។ 

 

 

គួរបញ្ជាក់ជូនថា  យោងតាមមូលដ្ឋានទិន្នន័យជំរឿនទូទៅនៃប្រជាជនកម្ពុជា ក្នុងឆ្នាំ២០១៩ បានបង្ហាញថា មានពលរដ្ឋសរុបចំនួនជាង ៣លាន ៥សែននាក់ នៅទូទាំងប្រទេស ។ ដោយឡែក តាមរបាយការណ៍អង្កេតកសិកម្មឆ្នាំ ២០២០ បានបង្ហាញថា មានគ្រួសារកសិកម្មសរុបចំនួន ជាង២លាន ៣ម៉ឺនគ្រួសារ ដែល ប្រមាណជា ៥៧ភាគរយ បានចូលរួមក្នុងផលិតកម្មកសិកម្ម។

 

 

ក្នុងនោះគ្រួសារ កាន់កាប់កសិកម្មនៅក្នុងប្រទេសកម្ពុជាបានរាយការណ៍ថា មានរហូតដល់ ៦១ភាគរយ ធ្វើកសិកម្មក្នុងគោលបំណងចម្បងសម្រាប់ទុកប្រើប្រាស់ក្នុងគ្រួសារ ហើយមានតែ ៣៩ភាគរយ ប៉ុណ្ណោះ ធ្វើកសិកម្មចម្បងសម្រាប់លក់។ ជាមួយគ្នានេះ ដំណាំស្រូវត្រូវ បានរកឃើញថា ជាប្រភេទដំណាំដែល បានដាំច្រើនជាងគេបំផុតនៅទូទាំងប្រទេស ហើយប្រើប្រាស់ផ្ទៃដីដាំដុះដំណាំស្រូវធម្មតានេះ មានសរុបចំនួន១,៩៨លានហិកតា និងផ្ទៃដីបានប្រមូល ផលសរុបចំនួន ១.៨៩លានហិកតា។ 

 


ការអង្កេតនេះ ក៏បានបង្ហាញផងដែរថា  ដំណាំពេញនិយមបន្ទាប់ពីស្រូវ គឺដំណាំងដូចស្ថិតក្នុងលំដាប់ លេខរៀងទីពីរ ដែលមានពលរដ្ឋដាំច្រើនជាងគេនៅតំបន់ ឆ្នេរសមុទ្រ ។ រីឯ ដំណាំស្វាយ និងដំណាំចេក ស្ថិតក្នុងលេខរៀង ទីពីរ ដែលមាន ពលរដ្ឋដាំច្រើនជាងគេនៅក្នុងតំបន់បឹងទន្លេសាប វាលទំនាប តំបន់ភ្នំ និងតំបន់ខ្ពង់រាប។នេះបើយោងតាមរបាយការណ៍ចុងក្រោយស្ដីពី អង្កេតកសិកម្ម កម្ពុជាឆ្នាំ២០២០ ដែលបានធ្វើឡើងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១៕
 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024