ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

គ្រោងឆ្អឹងសត្វដាយណូសឺខ្នាតតូចត្រៀមដាក់លក់ដេញថ្លៃនៅទីក្រុងប៉ារីស នាថ្ងៃទី២០ ខែតុលា

២៣ កញ្ញា ២០២២ | ព័ត៌មានអន្តរជាតិ

គ្រោងឆ្អឹងដាយណូសឺខ្នាតតូច១សំណុំនឹងត្រូវគេយកទៅដាក់លក់ដេញថ្លៃនាពេលឆាប់ៗនេះ អាចនៅខែតុលាក៏ថាបាន។ គេប៉ាន់ស្មានថាឆ្អឹងនេះអាចលក់បានចន្លោះពី៤សែនទៅ៥សែនអឺរ៉ូ។ នេះបើតាមការបង្ហើបឲ្យដឹងពីលោកគីខ្វែលឡូ(Giquello)។

 

 

 

 

 

ខុសពីឆ្អឹងដាយណូសឺដាក់លក់កាលពីមុនៗ ដែលមានទំហំធំៗ, ឆ្អឹងនេះមានកម្ពស់១ម៉ែត្រ ៣តឹក និងបណ្ដោយប្រហែល៣ម៉ែត្រ។ ឆ្អឹងនេះរកឃើញកាលពីឆ្នាំ២០១៩ នៅរដ្ឋកូឡូរ៉ាដូ សហរដ្ឋអាមេរិក នៅពេលពួកវិស្វករជីកកកាយដីដើម្បីសាងសង់ផ្លូវនៅលើដីឯកជន។

 

លោកអាឡិចសាន់ដឺ.ជីខ្វែលឡូ(Alexander Giquello)ថ្លែងថាទីតាំងប៉ុនបន្ទប់ទទួលភ្ញៀវអាចដាក់តាំងឆ្អឹងដាយណូសឺនេះបាន។ ប៉ុន្តែចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅត្រង់ថាវាមានអាយុកាលដ៏យូរអង្វែងរហូតដល់លើសពី១រយហាសិបលានឆ្នាំ។

 

 

 

 

គ្រោងឆ្អឹងនេះត្រូវបានផ្សំផ្គំឲ្យបានល្អដូចទ្រង់ទ្រាយដើមវិញដោយក្រុមអ្នកបុរាណវិទ្យានៃប្រទេសអ៊ីតាលី។ អ្វីដែលធ្វើឲ្យឆ្អឹងនេះរឹតតែពិសេសនៅត្រង់ថាថ្វីដ្បិតវាមានរូបរាងតូចជាងឆ្អឹងមុនៗ, ប៉ុន្តែសន្លាក់ឆ្អឹងរបស់វាបែរជាមានទំហំធំជាង ហើយអាចរក្សាទ្រង់ទ្រាយដើមបានស្អាតល្អ។

 

ជានិច្ចកាល, ដាយណូសឺដែលមានមាឌធំៗ នៅពេលដែលគេគាស់កកាយចេញពីក្នុងដី ឆ្អឹងរបស់ពួកវាច្រើនតែបាត់បង់ជើងខាងមុខ និងជើងខាងក្រោយ ពីព្រោះជាអវៈយវៈដែលងាយនឹងបាក់បែកប្រេះស្រាំ។

 

ប៉ុន្តែងាកមកមើលឆ្អឹងនេះវិញ ឃើញថានៅរក្សារូបរាងបានល្អគួរឲ្យកត់សម្គាល់។ នេះបើយោងតាមលោកគីខ្វែលឡូ។ ឆ្អឹងនេះត្រូវគេដាក់បង្ហាញជូនសាធារណជននៅទីក្រុងប៉ារីសចាប់តាំងពីថ្ងៃទី៧ ខែកញ្ញា នឹងដាក់លក់ដេញថ្លៃនៅថ្ងៃទី២០ ខែតុលា។

 

 

 

 

 

មនុស្សនៅតែចាប់អារម្មណ៍ចំពោះសត្វដាយណូសឺជានិច្ច ពីព្រោះការស្លាប់ផុតពូជនៃសត្វនេះដោយសារការប្រែប្រួលអាកាសធាតុនៅលើភពផែនដី នៅតែជាបញ្ហាប្រឈមរហូតមកដល់ពេលបច្ចុប្បន្ន។

 

ជាក់ស្ដែង បញ្ហាអាកាសធាតុនេះចាប់ផ្ដើមជះឥទ្ធិពលអាក្រក់ទៅលើជីវិតរស់នៅរបស់មនុស្ស។ ពួកយើងម្នាក់ៗសុទ្ធតែអាចកាត់យល់ដោយខ្លួនឯងថាអ្វីៗកំពុងប្រែប្រួល។ កាលពីឆ្នាំ២០២១, លោកគីខ្វែលឡូធ្លាប់រៀបចំការលក់ដេញថ្លៃឆ្អឹងដាយណូសឺម្ដងហើយ។

 

កាលនោះ ជនជាតិអាមេរិកាំងម្នាក់បានដាក់លក់ស្នាដៃសមូហកម្មឆ្អឹងដាយណូសឺ បានលុយជាង៦លានអឺរ៉ូ៕

 

 

 

 

ប្រែសម្រួល៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024