ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

កម្ពុជា នឹងទទួលបានផលចំណេញអ្វីខ្លះពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ?

២២ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

គិតមកដល់ពេលនេះផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហុន សម្រេចការងារសាងសង់រួចរាល់ស្ទើរតែ ១០០%ហើយ ដោយនៅសល់ការងារខ្លះ ក្រុមហ៊ុននឹងសាងសង់ឱ្យបានរួចរាល់ មុនពេលបើកដំណើរ ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃចំនួន១ខែ នៅខែតុលា ឆ្នាំ២០២២ខាងមុខនេះ។ 

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ នាយកនៃមជ្ឈមណ្ឌលសិក្សាចិន និង ជាអ្នកជំនាញសេដ្ឋកិច្ចនៃ រាជបណ្ឌិតសភាកម្ពុជា បានផ្តល់កិច្ចសំភាសន៍ជាមួយPNNថា ជាការពិតណាស់ កម្ពុជា នឹងទទួលបានផលចំណេញច្រើន ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ  ដូចជា កាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរ ការដឹកជញ្ជូន មានភាពល្អប្រសើរជាងមុន ការដឹកជញ្ជូនត្រូវចំណាយពេលខ្លី សន្សំសំចៃប្រេង ដែលធ្វើអោយតម្លៃដើមនៃការដឹកជញ្ជូនធ្លាក់ចុះ ។ 


គម្រោងនេះ ក៏បានធ្វើអោយខេត្ត ដែលស្ថិតនៅតាមបណ្ដោយខ្សែផ្លូវល្បឿនលឿននេះ ទទួលបាននូវកំណើនវិនិយោគ និងឱកាសថ្មីៗផងដែរ ជាក់ស្តែងគឺខេត្តកំពង់ស្ពឺ បាននឹងកំពង់ទាក់ទាញបាននូវគម្រោងរោងចក្រជាច្រើន ដោយសារកត្តាភូមិសាស្ត្រអំណោយផលផង និងស្ថិតនៅក្បែរគម្រោងនេះផង ដែលបានតភ្ជាប់ទៅដល់ខេត្តព្រះសីហនុដែលជាខេត្តពហុបំណង ដែលមានកំពង់ផែទឹកជ្រៅស្តង់ដាសម្រាប់នាំចេញនូវទំនិញទៅកាន់ទីផ្សារក្រៅប្រទេស។


លោកបណ្ឌិតបញ្ជាក់ថា ផ្លូវល្បឿនលឿននេះ បានតភ្ជាប់ការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញ មកកាន់កំពង់ផែទឹកជ្រៅ ក្នុងខេត្តព្រះសីហនុ ដែលជាខេត្តពហុបំណងកម្ពុជា ដែលងាយស្រួលដល់ការផ្ទេរទំនេញចេញទៅខេត្តតំបន់ឆ្នេរកម្ពុជាផ្សេងទៀត ដូចជាកំពត កែប និងកោះកុងជាដើម មុននាំចេញទៅក្រៅប្រទេសតាមកំពង់ផែ។

 

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា កម្ពុជា គួរតែមានផ្លូវល្បឿនលឿនបែបនេះ បន្ថែមទៀត ជាពិសេស គឺផ្លូវល្បឿនលឿនទៅខេត្តជាប់ព្រំដែន កម្ពុជាវៀតណាម កម្ពុជាថៃ និងកម្ពុជាឡាវ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនកសិផល និងទំនិញពីរោងចក្រសហគ្រាសទៅកាន់ទីផ្សារអន្តរជាតិ កាន់តែងាយស្រួល និងមានតម្លៃធូរថ្លៃជាងមុន ហើយលោកបណ្ឌិត ក៏ចង់ឃើញរដ្ឋាភិបាល កែសម្រួលផ្លូវដែកឡើងវិញអោយមានភាពល្អប្រសើរផងដែរ ព្រោះអាចធ្វើអោយតម្លៃដើមនៃដឹកជញ្ជូន មានតម្លៃទាប ។

 


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា វត្តមានផ្លូវល្បឿនលឿនជាលើកដំបូងនៅកម្ពុជា «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» គឺជាផ្លែផ្កាមួយនៃទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយផ្លូវល្បឿនលឿននេះ ប្រវែងជិត ២០០គីឡូម៉ែត្រ ចំណាយថវិកាសាងសង់រហូតដល់ទៅជាង ២ពាន់លានដុល្លារអាមេរិក។ ផ្លូវល្បឿនលឿននេះ គឺជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ជួយឱ្យកម្ពុជាអាចសាងសង់ផ្លូវល្បឿនលឿន ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់តភ្ជាប់ប៉ូល សេដ្ឋកិច្ចភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ និងផែទឹកជ្រៅកម្ពុជា។

 


ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា៖ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវ គិតចំនួន១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុន នឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារ នឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក សម្រាប់ការធ្វើដំណើរទៅមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទាន ដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

 


គួរបញ្ជាក់ថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ដែលអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ដោយបានកាត់បន្ថយការចំណាយនៃការធ្វើដំណើរ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ និងបានចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024