ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣
ភាពយន្ត "Amsterdam" (អាំស្ទើរដាម) ដែលមានប្រជុំដោយតារាសម្ដែងល្បីៗជាច្រើន រួមទាំង Margot Robbie ផងដែរនោះ បានធ្វើពិធីសម្ពោធ រយៈពេលពីរសប្ដាហ៍មុនការចាក់បញ្ចាំងតាមរោងភាពយន្ត។
ភាពយន្តបែបស៊ើបអង្កេតថ្មីមួយមានចំណងជើងថា "Amsterdam" (អាំស្ទើរដាម) ដែលមានតួ Harley Quinn (ហាលី ឃ្វីន) គឺតារាស្រី Margot Robbie (ម៉ាហ្គត រ៊បប៊ី) ដើរជាតួឯក បានសម្ពោធចាក់បញ្ចាំងជាផ្លូវការ ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន។
ការសម្ពោធដែលបានធ្វើឡើងនៅមជ្ឈមណ្ឌល Lincoln (លីនខូន) ក្នុងទីក្រុងញូវយ៉ក មានការចូលរួមពីសំណាក់អ្នកដឹកនាំរឿងលោក David O. Russell (ដេវីដ អូ រុសសែល), តារាសម្ដែង Christian Bale (គ្រីសស្ទៀន ប៊េល), តារាសម្ដែងស្រី Margot Robbie (ម៉ាហ្គត រ៊បប៊ី) រួមជាមួយសម្ដែង Rami Malek (រ៉ាមី មាឡេក) ជាដើម។
"Amsterdam" (អាំស្ទើរដាម) ជាភាពយន្តដែលមានដំណើររឿងកើតឡើងក្នុងឆ្នាំ១៩១៨ និងនៅដើមទសវត្ស៍ឆ្នាំ ១៩៣០ ដោយមានឆ្លុះបញ្ចាំងអំពីរឿងរ៉ាវមិត្តភក្តិចំនួនបីរូប ដែលបានក្លាយជាជនសង្ស័យក្នុងរឿងក្ដីឃាតកម្មដ៏កក្រើកមួយ។
មិត្តភក្តិទាំងបីរូបនោះ រួមមានឈ្មោះ Burt (ប៊ឺត) សម្ដែងដោយតារាសម្ដែង Christian Bale (គ្រីសស្ទៀន ប៊េល), ឈ្មោះ Harold (ហារូល) សម្ដែងដោយតារាសម្ដែង John David Washington (ចន ដេវីត វ៉ាសីនតោន) និងម្នាក់ទៀតឈ្មោះ Valerie (វ៉ាឡេរី) ដែលសម្ដែងដោយ Margot Robbie (ម៉ាហ្គត រ៊បប៊ី)។
ក្រៅពីវត្តមានតារាសម្ដែងកំពូលទាំងបីរូបនេះ ភាពយន្ត "Amsterdam" (អាំស្ទើរដាម) ក៏មានការចូលរួមសម្ដែងពីតារាល្បីៗដទៃទៀតមានដូចជាតារាចម្រៀងប៉ុប Taylor Swift (ថេឡឺ ស្វីហ្វ), តារាកំប្លែង Chris Rock (គ្រីស រ៉ុក), តារាសម្ដែង Anya Taylor-Joy (អានីយ៉ា ថេឡឺ ចយ) និងតារាស្រី Zoe Saldana (ហ្សូអ៊ី សាលដាណា) ជាដើម។ "Amsterdam" (អាំស្ទើរដាម) នឹងត្រូវចាក់បញ្ចាំងតាមរោងភាពយន្តពិភពលោកចាប់ពីថ្ងៃទី៦ ខែតុលាខាងមុខនេះ៕
ប្រែសម្រួល៖ វ៉ាន់ថន