ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រដ្ឋមន្រ្ដីសាធារណការ៖ ម៉ូតូចាប់ពីកម្លាំងម៉ាស៊ីន ៥០០សេសេឡើង អាចមានសិទ្ធិ បើកនៅលើផ្លូវល្បឿនលឿនបាន

២២ កញ្ញា ២០២២ | ព័ត៌មានជាតិ

 

 

នៅសល់តែប៉ុន្មានថ្ងៃទៀត ពោលគឺនៅថ្ងៃទី១ ខែតុលា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងបើកឱ្យដំណើរការសាកល្បងហើយ។ នៅថ្ងៃនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកញ្ជូន បាននាំអ្នកកាសែត ពិនិត្យស្ថានភាពផ្លូវ ហើយលើកឡើងថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ នឹងអនុញ្ញាតឱ្យម៉ូតូ ចាប់ពីកម្លាំងម៉ាស៊ីន ៥០០CC ធ្វើដំណើរបាន ប៉ុន្ដែស្ថិតក្នុងកម្រិតល្បឿន ដែលបានកំណត់ និងត្រូវសុំ Sticker ពីក្រសួង។

 


ស្របពេលប្រកាសបើកសាកល្បងដំណើរការប្រើប្រាស់ផ្លូវលឿនលឿនក្នុងគម្រោងទី១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២  ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកញ្ជូន បានឱ្យដឹងថា អ្នកបើកបរម៉ូតូ ឬទោចក្រយានយន្ដចាប់ពីកម្លាំងម៉ាស៊ីន ៥០០CC អាចធ្វើដំណើរបាននៅ លើផ្លូវល្បឿនលឿន ដោយក្នុងល្បឿនខ្ពស់បំផុត១០០គ.ម ក្នុង១ម៉ោង ។បន្ថែមលើនេះ ម្ចាស់ទោចចក្រយានយន្ដ ក្នុងទំហំស៊ីឡាំងខាងលើ ត្រូវស្នើសុំ Sticker ពីក្រសួង ដើម្បីបិទនៅលើម៉ូតូរបស់មុនធ្វើដំណើរឆ្លងកាត់ផងដែរ។

 

 

តាមការឱ្យដឹងបន្ថែម ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រថយន្ដគ្រួសារ ឬរថយន្ដតូច អាច ធ្វើដំណើរនៅលើផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងល្បឿនទាបបំផុត ៦០គ.ម ក្នុង១ម៉ោង និងល្បឿនខ្ពស់បំផុត ១២០គ.ម ក្នុង១ម៉ោង។ ដោយឡែក សម្រាប់រថយន្ដដឹកទំនិញ ឬរថយន្ដកុងតឺន័រធំៗ ដែលមានសណ្ដោងអាចធ្វើដំណើរបាន ត្រឹម៨០គ.ម ក្នុង១ម៉ោង និងអត់មានសណ្ដោង អាចធ្វើដំណើរបានក្នុងល្បឿន ១០០គ.ម ក្នុង១ម៉ោង។

 

 

គួរបញ្ជាក់ជូនថា ផ្លូវល្បឿនលឿនភ្នំពេញទៅព្រះសីហនុ មាន២គន្លងទៅមក និងមាន១គន្លងឈប់បន្ទាន់ ដែលប្រើសម្រាប់រថយន្ដពន្លត់អគ្គិភ័យ សង្រ្គោះបន្ទាន់ និងនគរបាល ឬយោធាបំពេញភារកិច្ច ។ផ្លូវល្បឿនលឿននេះដែរ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ  បានបើកការដ្ឋានសាងសង់ នៅថ្ងៃទី ២២  ខែមីនា  ឆ្នាំ ២០១៩ និងអនុវត្តការសាងសង់ដោយក្រុមហ៊ុន  PPSHV Expressway Co.,Ltd  ក្នុងគម្រោង វិនិយោគ៥០ឆ្នាំ និងចំណាយទឹកប្រាក់ក្នុងការសាងសង់ ២០១៩លានដុល្លារអាមេរិក ។

 

 

តាមគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- ព្រះសីហនុ  គឺជាគម្រោងផ្លូវល្បឿនលឿនទីមួយ  ដែលបានអះ អាងថា នឹងជួយកាត់បន្ថយការចំណាយថវិកា  និងពេលវេលាធ្វើដំណើរពីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុពីចំនួន ៥ម៉ោង  មកត្រឹមជាង  ២ម៉ោង ៕
 

 

 

 

 

អត្ថបទ៖ ជុំ ជោគជាតា  រូបភាព៖ សែត ប៊ុនថាន់  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024