ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ បញ្ជាក់ថា រាជធានីខេត្ត ៤ហើយ ដែលត្រូវបានប្រកាសថា គ្មានគ្រាប់មីនប្រឆាំងមនុស្ស

២២ កញ្ញា ២០២២ | ព័ត៌មានជាតិ


រហូតមកដល់ពេលនេះ មានរាជធានីខេត្តចំនួន ៤ ដែលត្រូវបានចាត់ទុកថា គ្មានគ្រាប់មីនប្រឆាំងមនុស្ស។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់ បញ្ជាក់ថា ពាក្យថា «គ្មានគ្រាប់មីនប្រឆាំងមនុស្ស» មិនមែនមានន័យថា មានសុវត្ថិភាពទាំងស្រុងទេ ព្រោះនៅមានយុទ្ធភណ្ឌដ៏គ្រោះថ្នាក់ខ្លាំងជាងនេះ ៣ ប្រភេទទៀត គឺគ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ។

 


សូមសាធារណជមេត្តាជ្រាប និងកុំយល់ច្រឡំ ពាក្យថារាជធានីខេត្តអស់គ្រាប់មីន មិនមែនមានន័យថា ជាខេត្តដែលមានសុវត្ថិភាពទាំងស្រុងទេ គឺគ្រាន់តែជាខេត្តដែលអស់គ្រាប់មីនប្រឆាំងមនុស្សតែប៉ុណ្ណោះ ។

 

 

ប៉ុន្តែធាតុពិត គ្រោះថ្នាក់ពីយុទ្ធភណ្ឌមិនផ្ទុះនៅកម្ពុជា មានដល់ទៅ ៤ ប្រភេទឯណោះ ចំណែកគ្រាប់មីនប្រឆាំងមនុស្ស គ្រាន់តែជាប្រភេទមួយក្នុងចំណោម ៤ ប្រភេទនោះតែប៉ុណ្ណោះ ។ នេះគឺជាការពន្យល់របស់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ថា CMAC នៅក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ ដែលជាមន្ត្រី បុគ្គលិក CMAC នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ នេះ ។

 

 


គួរជម្រាបជូនថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបង្កគ្រោះថ្នាក់នៅកម្ពុជា ៣ ប្រភេទទៀត គឺគ្រាប់បែកចង្កោម គ្រាប់បែកគីមី និងគ្រាប់បែកទម្ងន់ធ្ងន់ ទំហំធំ ទម្លាក់ពីលើយន្តហោះ ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ដោយឡែកគិតត្រឹមតែគ្រាប់បែកចង្កោមមួយមុខ ត្រូវបានគេប៉ាន់ប្រមាណថា កងទ័ពអាកាសអាម៉េរិក ទម្លាក់នៅក្នុងប្រទេសកម្ពុជា នាសម័យសង្គ្រាម ប្រមាណជា ៣០ លានកូនគ្រាប់ ហើយក្នុងនោះ ប្រមាណជា ៥-៦ លានកូនគ្រាប់ មិនទាន់ផ្ទុះនៅឡើយ ដែលប៉ះពាល់ដល់ផ្ទៃដីប្រមាណជា ៧០០ គីឡូម៉ែត្រក្រឡា ដែលកម្ពុជា មិនទាន់ជម្រះឱ្យចប់សព្វគ្រប់នៅឡើយ ។

 

 

នេះមិនទាន់គិតដល់យុទ្ធភណ្ឌ ២ ប្រភេទទៀត គឺគ្រាប់បែកគីមី និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ និងយុទ្ធភណ្ឌមិនទាន់ផ្ទះផ្សេងៗទៀតផងទេ ហើយក៏មិនទាន់គិតដល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រើប្រាស់ដោយភាគីផ្សេងទៀតគឺសម្ព័ន្ធមិត្តកុម្មុយនីស្ត ប្រើនៅក្នុងសម័យសង្គ្រាមនោះផងទេ ដែលបានសេចក្តីថា កម្ពុជា នៅត្រូវការធនធាន និងពេលាវេលាច្រើនទៀត ។


គប្បីជម្រាបជូនថា នៅកម្ពុជា យ៉ាងហោចណាស់មានរាជធានីខេត្តចំនួន ៤ ត្រូវបានចាត់ទុកថាជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស គឺរាធានីភ្នំពេញ ខេត្តកែប ខេត្តកណ្តាល និងខេត្តព្រះសីហនុ ។ ចំណែកខេត្តផ្សេងៗទៀត ដូចខេត្តកំពង់ចាម កំពង់ឆ្នាំ និងខេត្តតាកែវ ជាដើម នឹងត្រូវបានប្រកាសថាជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្សក្នុងពេលឆាប់ៗខាងមុខនេះជាបន្តបន្ទាប់ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024