ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស ប្រចំាព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ភាគីកម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលដល់ប្រតិបត្តិការសេដ្ឋកិច្ច ធុរកិច្ច និងវិនិយោគរបស់ធុរជន និងវិយោគិនបេឡារុស តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ប្រកបដោយជោគជ័យ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្រោមក្របខណ្ឌពាណិជ្ជកម្មសេរីពហុភាគី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប) អាស៊ាន និងទ្វេភាគីកម្ពុជា-ចិន កម្ពុជា-កូរ៉េ។
បើមើលពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងបេឡារុស សម្រេចបានប្រមាណ ៤ លានដុល្លារអាមេរិក នៅឆ្នាំ២០២១ ជាមួយនឹងកំណើនប្រមាណ ១៥៨% បើធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ កម្ពុជា បាននាំចេញទៅបេឡារុសនូវផលិតផលវាយនភណ្ឌ កៅស៊ូ អង្ករ និងសម្ភារៈធ្វើដំណើរ និងនាំចូលនូវជីកសិកម្ម ឧបករណ៍តន្រ្តី គ្រឿងសង្ហារឹមជាដើម។
បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប្រទេសទាំងពីរមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរឱ្យកត់សម្គាល់ ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក និងផ្តល់នូវកាលានុវត្តភាពក្នុងការជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរឡើង នាពេលអនាគតបន្ថែម។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា កិច្ចពិភាក្សាលើនេះ នឹងបន្តលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ហើយភាគីបេឡារុ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅដោយលោកជំទាវរដ្ឋលេខាធិការ និងបង្ហាញពីឆន្ទៈក្នុងការបង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែម។ទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូត ប្តេជ្ញា នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ប្រកបដោយផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសក្រោមក្របខណ្ឌគណៈកម្មាធិការចម្រុះសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-បេឡារុស ដែលគ្រោងនឹងរៀបចំនាពេលឆាប់ៗ បន្ទាប់ពីអាក់ខានក្នុងបរិការណ៍កូវីដ-១៩៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ