ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រធានសមាគមថា ឱកាសល្អចំនួន ២ កំពុងរង់ចាំអ្នកចិញ្ចឹមសត្វកម្ពុជា

២១ កញ្ញា ២០២២ | ព័ត៌មានជាតិ


ប្រធានសាមគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ឱកាសល្អចំនួន ២ កំពុងរង់ចាំកសិករចិញ្ចឹមសត្វនៅកម្ពុជា។ នោះគឺទឹកជំនន់នៅប្រទេសថៃ និងការពន្លឿននីតិវិធីនាំចេញសត្វពីកម្ពុជា។ ហេតុនេះ សូមកសិករ ចាប់យកឱកាសនោះ ឱ្យបាន។ ប៉ុន្តែអ្វីដែលជាកត្តាសំខាន់បំផុត គឺត្រូវអនុវត្តឱ្យបានល្អត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

 


ទី១ គឺទឹកជំនន់នៅប្រទេសថៃ ធ្វើឱ្យប៉ះពាល់ដល់វិស័យចិញ្ចឹមមួយចំនួននៅទីនោះ ដែលអាចនឹងធ្វើឱ្យប្រទេសថៃ ខ្វះសត្វសម្រាប់ផ្គត់ផ្គង់តម្រូវការ និងទី២ រដ្ឋមន្ត្រីក្រសួងកសិកម្ម បាន និងកំពុងពន្លឿននីតិវិធីក្នុងការនាំសត្វពីកម្ពុជា ទៅប្រទេសដទៃ ដែលទាំង ២ ករណីនេះ គឺជាឱកាសល្អសម្រាប់កសិករចិញ្ចឹមសត្វកម្ពុជា ។

 

 

ប៉ុន្តែអ្វីដែលជាកត្តាសំខាន់បំផុតមួយដែលកសិករចិញ្ចឹមសត្វនៅកម្ពុជា ត្រូវគិតគូរយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺស្តង់ដារបច្ចេកទេស នៃការចិញ្ចឹមសត្វរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ ព្រោះសត្វដែលនឹងអាចនាំចេញទៅក្រៅប្រទេសបាន លុះណាតែការចិញ្ចឹមត្រូវបានអនុវត្តយ៉ាងល្អត្រឹមត្រូវទៅតាមស្តង់ដារបច្ចេកទេស ។ នេះគឺជាការលើកឡើងរបស់លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ។

 


គួរជម្រាបជូនថា រយៈពេលជិត ១ ឆ្នាំមកហើយ ដែលកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់សាច់ជ្រូកដោយខ្លួនឯង ហើយមួយរយៈពេលចុងក្រោយនេះ ជ្រូករស់បានធ្លាក់ថ្លៃដល់កម្រិតក្រោមថ្លៃដើមចិញ្ចឹម ដែលប្រការនេះ ត្រូវបានលោក ស្រ៊ុន ពៅ បកស្រាយថា ដោយសារកម្ពុជា មានជ្រូកច្រើនលើសសេចក្តីត្រូវការ ។ ប៉ុន្តែបើទោះបីជាមានបញ្ហាយ៉ាងដូច្នេះក្តី ក៏លោក ស្រ៊ុន ពៅ នៅតែលើកទឹកចិត្តដល់កសិករចិញ្ចឹមសត្វនៅកម្ពុជា កុំបាក់ទឹកចិត្ត កុំបោះបង់ការចិញ្ចឹមសត្វរបស់ខ្លួនដែរ ពោលគឺគប្បីកបង្កើនការចិញ្ចឹមបន្តទៅទៀត ។

 


ម្យ៉ាងទៀតក្នុងករណីកសិករមានបញ្ហាអ្វីម្យ៉ាងក្នុងការចិញ្ចឹមសត្វ ដូចជាសត្វមានជំងឺ បញ្ហាបច្ចេកទេស នៃការចិញ្ចឹមសត្វទៅតាមក្បួនខ្នាតជាដើម សូមទាក់ទងទៅសមាគមឱ្យបានទាន់ពេលវេលា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នឹងចុះជួយអន្តរាគមន៍ដោយមិនតម្រូវឱ្យកសិករចំណាយលុយកាក់ថវិកាអ្វីឡើយ ។កសិករអាចទំនាក់ទំនងទៅសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា តាមរយៈទូរសព្ទលេខ ០៦១ ៥១ ៦៩ ៦៩ ។ សូមជម្រាបជូនម្តងទៀត ទូរសព្ទលេខ ០៦១ ៥១ ៦៩ ៦៩ ៕

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត និងឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024