ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

និយ័តករមូលបត្រកម្ពុជា អនុញ្ញាតលើសំណើសុំបោះផ្សាយមូលបត្ររបស់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក

២០ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

 

និយ័តករមូលបត្រកម្ពុជា បានសម្រេចអនុញ្ញាតជាគោលការណ៍លើ សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ដែលរំពឹងនឹងបោះផ្សាយក្នុងទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក នាពេលខាងមុខ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ និយ័តករមូលបត្រកម្ពុជា។

 


ប្រភពដដែល បានគូសបញ្ជាក់ថា ការអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវដែក រ៉ូយ៉ាល់ វេលវេ បោះផ្សាយមូលបត្រលក់ជាផ្លូវការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពរបស់ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

 


ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។ទន្ទឹមគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ជាក្រុមហ៊ុនទី ១ ដែលទទួលបានការឯកភាពជាគោលការណ៍លើ ពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ ២០២២នេះ។

 


សូមជម្រាបថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ និងទទួលបានសម្បទានពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពី ធនាគារអភិវឌ្ឍន៍អាស៊ី ហើយក៏ជាក្រុមហ៊ុនតែមួយគត់ ដែលបម្រើសេវាកម្មដឹកជញ្ជូនតាមរថភ្លើង រួមមាន ការដឹកជញ្ជូនទំនិញ និងដំណើរការរថភ្លើងដឹកអ្នកដំណើរ បច្ចុប្បន្ន ក្រុមហ៊ុនមានខ្សែរថភ្លើង ២ខ្សែ ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ ដែលខ្សែទី ១  តភ្ជាប់ពី ទីក្រុងភ្នំពេញ ទៅ ក្រុងព្រះសីហនុ និងខ្សែទី ២ ភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024